តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនអធិការរងខណ្ឌជ្រោយចង្វា និងបក្ខពួក២នាក់ ក្រោយចាប់បង្ខាំងមន្ត្រីកិច្ចសន្យាម្នាក់រហូតស្លា.ប់
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងតាខ្មៅ៖​ លោក សម រីណា អធិការរងខណ្ឌជ្រោយចង្វា រួមទាំងបក្ខពួក២នាក់ទៀត ត្រូវបានចៅក្រមសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោយរកឃើញថា ពួកគេជាប់ពាក់ព័ន្ធករណីហិង្សា និងចាប់បង្ខាំងមន្ត្រីកិច្ចសន្យាម្នាក់រហូតដល់ស្លាប់...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ សាលាដំបូងខេត្តកណ្តាល បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ទាក់ទងនឹងករណីហិង្សាដោយចេតនា និងចាប់បង្ខាំងដោយខុសច្បាប់ បង្កឡើងដោយជនត្រូវចោទចំនួន៣នាក់ បានជិះរថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BU-៥៤១៤ ធ្វើសកម្មភាពចាប់ខ្លួនជនរងគ្រោះឈ្មោះ ចាន់ ណារ៉ុង ចេញពីផ្ទះ ស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ដោយបានចាប់ក្របួចកអាវជនរងគ្រោះ ដាក់ចូលទៅក្នុងរថយន្ត និងប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះ បន្ទាប់មកបានរួមដំណើរជាមួយជនរងគ្រោះ តាមកំពង់ចម្លងស្វាយជ្រំ លុះជិតដល់ត្រើយម្ខាងជ្រោយចង្វា ជនរងគ្រោះបានសុំចុះពីលើរថយន្ត ដើម្បីបត់ជើងតូច ខណៈពេលនោះជនរងគ្រោះក៏បានលោតចុះពីលើទូកដរចូលក្នុងទឹកបាត់ដំណឹងតែម្ដង។

យ៉ាងណា រហូតដល់នៅថ្ងៃទី១៩ ខែមិថុនា ទើបរកឃើញសពជនរងគ្រោះអណ្តែតទឹក នៅចំណុចមាត់ច្រាំងទន្លេមេគង្គ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ថែមលើនេះ បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន៣នាក់នៅពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្ន ដើម្បីបន្តកិច្ចការស៊ើបសួរតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត