ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្ន ព្យុះ«បាវី»ទី៩ បង្កើនឥទ្ធិពលភ្លៀងផ្គរ រន្ទះ លើកម្ពុជាដល់ថ្ងៃ១២កក្កដា
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស អ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ក្រោយព្យាករឃើញសម្ពាធទាបកើតមាននៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៩ ឈ្មោះ«បាវី (Bavi)» ដែលនឹងជះឥទ្ធិពលមកលើកម្ពុជា...

តាមការព្យាករអាកាសធាតុ ក្រសួងលើកឡើងថា ទោះបីជាព្យុះនេះមិនស្ថិតក្នុងគន្លងធ្វើដំណើរចូលប្រទេសកម្ពុជាក៏ដោយ ក៏វាមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើតំបន់ឈូងសមុទ្ទបេងហ្គាល់ សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងប្រទេសកម្ពុជា ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់វាលទំនាប រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់ប្រហែល៦០ភាគរយនៃផ្ទៃដី។

ដោយឡែក តំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់ប្រហែល៥០ភាគរយនៃផ្ទៃដី។ រីឯ តំបន់មាត់សមុទ្ទ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់ប្រហែល៦០ភាគរយនៃផ្ទៃដី។ ទន្ទឹមនឹងនេះ រលកសមុទ្ទ អាចមានកម្ពស់ចន្លោះពីកន្លះម៉ែត្រ ដល់១,៧៥ម៉ែត្រ។ ដូច្នេះ ក្រសួងធនធានទឹក ប្រាប់ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេស ពេលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត