
រាជធានីភ្នំពេញ៖ នៅទីបំផុត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ ឃឿន សុខឡា ហៅ K01 ពី បទហិង្សាដោយចេតនា ក្រោយបុគ្គលរូបនេះទះកំផ្លៀងយុវជនម្នាក់ ហើយបង្ហោះលើបណ្ដាញសង្គម...។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកកាសែតក្នុងគ្រុបតេឡេក្រាម នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នេះថា មកទល់ពេលនេះ តំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទ ហិង្សាដោយចេតនា បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

យោងតាម មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន)រៀល ទៅ៦ ០០០ ០០០ (ប្រាំមួយលាន)រៀល។ ទោះយ៉ាងណា ក្រោយអាជ្ញាធរធ្វើការឃាត់ខ្លួនលោក K01 ក៏មានបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាច្រើនរវាងជនជាប់ចោទ ជាមួយអាណាព្យាបាលយុវជន ដែលបានបញ្ជូនកូនមកទទួលការបណ្ដុះបណ្ដាល និងអប់រំទាំងអស់នោះថែមទៀត។

អ្វីដែលមហាជននឹកស្មានមិនដល់នោះគឺ ក្នុងយុវជនដែលមកទទួលការបណ្ដុះបណ្ដាលដោយលោក K01 តម្រូវឱ្យបង់ប្រាក់ក្នុងម្នាក់១០០០ដុល្លារអាម៉េរិក និងបង់ប្រាក់២០ម៉ឺនបន្ថែមជារៀងរាល់ខែ សម្រាប់ថ្លៃអាហារហូបចុករបស់ក្មេងៗទាំងនោះ។ ចំពោះការបែកធ្លាយសារសំឡេងលោក K01 នេះ គេនៅមិនទាន់ដឹងថា លោកអាចនឹងជាប់ពិរុទ្ធបន្ថែមលើការបើកអាជីវកម្មបង្រៀនសិស្ស ដោយគ្មានលិខិតអនុញ្ញាត ហើយថែមទាំងតម្រូវឱ្យក្រុមគ្រួសារក្មេងៗទាំងនោះ បង់ប្រាក់ឱ្យលោក ឬយ៉ាងណាឡើយ?..៕



