ថ្មបាយក្រៀម និងថ្មភក់មួយដុំទម្ងន់៦០០គីឡូក្រាម កំពុងត្រូវបានដឹកជញ្ជូនយកទៅជួសជុលកាំជណ្តើរប្រាសាទនាគព័ន្ធ
S
Sreyleak Yith
5 ម៉ោងមុន

ក្រុងសៀមរាប៖ ថ្មបាយក្រៀម និងថ្មភក់ ក្នុងមួយដុំមានទម្ងន់ចន្លោះពី៥០០ ទៅ៦០០គីឡូក្រាម ត្រូវបានដឹកជញ្ជូនយកទៅរៀបចំជួសជុលកាំជណ្តើរផ្នែកខាងលិចប្រាសាទនាគព័ន្ធ ដំណាក់កាលទី២ ដែលខូចខាតជាយូរមកហើយ។ នេះបើតាមការឱ្យដឹងពី អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២កក្កដានេះ...។

លោក អ៊ិត ស្រេង បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា មធ្យោបាយចម្បងៗដែលប្រើប្រាស់ក្នុងការដឹកជញ្ជូនថ្ម គឺដឹកតាមផ្លូវទឹកដោយប្រើទូកចំនួនពីរចងភ្ជាប់គ្នា ទៅដឹកថ្មពីដីគោកចម្ងាយប្រហែល៤០០ម៉ែត្រ សំដៅទៅការដ្ឋានដោយមួយជើងៗ ចំណុះទូកអាចផ្ទុកទម្ងន់បានចាប់ពី១តោន ហើយអុំបណ្តែតតាមទឹកបារាយណ៍។ បន្ទាប់មកប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទា លើកថ្មឡើងមកលើគោក និងរុញចូលទីតាំងដែលត្រូវការ។ រីឯមធ្យោបាយដឹកជញ្ជូនដំណាក់កាលទី២ គឺលើកថ្មដាក់លើរទេះរុញហើយអូសដោយកម្លាំងមនុស្ស។ ការដឹកជញ្ជូនថ្មដំណាក់កាលទី២នេះ មានរយៈចម្ងាយប្រមាណ៣០០ម៉ែត្រ ពីកំពង់ទឹកទៅដល់ការដ្ឋាន។ 

លោកសង្កត់ធ្ងន់ថា៖«យើងត្រូវអត់ធ្មត់ រួបរួមគ្នាទើបអាចធ្វើការងារនេះបាន ហើយអ្នកទាំងអស់ត្រូវមានបច្ចេកទេសនៃការអូស ឬយកថ្មទៅដល់ទីកន្លែងជួសជុល ព្រោះវាមានទម្ងន់ធ្ងន់ចាប់ពីរយគីឡូក្រាមរហូតដល់រាប់តោន ទាមទារការប្រើប្រាស់បច្ចេកទេសខ្ពស់កុំឱ្យខូចខាត ឬប៉ះពាល់ថ្ម»។ លោកបន្ថែមថា ការដឹកជញ្ជូនបានចាប់ផ្ដើមតាំងពីកណ្ដាលខែឧសភា ឆ្នាំ២០២៦ រហូតមកដល់ពេលនេះ ដឹកថ្មបានចំនួន៥០ដុំហើយ ដោយអាចចំណាយពេលជាង២ខែ ទើបអាចនាំថ្មគ្រប់ចំនួនសម្រាប់ប្រើប្រាស់តាមតម្រូវការជួសជុល។ គួរជ្រាបថា ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​។ ត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ 

<br />

ប្រាសាទនេះ ត្រូវបានគេសាងសង់នៅលើកោះទំហំ៣៥០ម៉ែត្រ ដែលមានស្រះសន្សំទឹកបរិសុទ្ធ​៤ ដោយរៀបចំឱ្យមានជាសញ្ញាលេខបូកជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ។ មានរូបចម្លាក់ទាំង៤ទិស សម្រាប់ជាតំណាងឱ្យធាតុទាំង៤ គឺធាតុដី តំណាងដោយរូបចម្លាក់ក្បាលមនុស្ស ស្ថិតនៅទិសខាងកើត, ធាតុភ្លើង តំណាងដោយរូបចម្លាក់ក្បាលតោ ស្ថិតនៅទិសខាងត្បូង, ធាតុខ្យល់ តំណាងដោយរូបចម្លាក់ក្បាលសេះ ស្ថិតនៅទិសខាងលិច, និងធាតុទឹក តំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត