អ្នកជំនាញរំពឹងថា ក្រោយជួសជុលរចនាសម្ព័ន្ធបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ នឹងទាក់ទាញភ្ញៀវទេសចរទៅទស្សនាច្រើនជាងមុន
S
Sreyleak Yith
14 ឧសភា 2025 04:00 AM

ក្រុងសៀមរាប៖​ ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា រំពឹងថា បន្ទាប់ពីការជួសជុលរចនាសម្ព័ន្ធបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ដែលធ្លាប់រងហានិភ័យ គឺរចនាសម្ព័ន្ធទាំងនោះនឹងមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងមានភាពទាក់ទាញដល់ភ្ញៀវទេសចរអាចទៅទស្សនាមានការកើនឡើងផងដែរ...។

លោក អ៊ិច ស្រេង បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រចនាសម្ព័ន្ធបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ បានរងការខូចខាតជាច្រើនកន្លែងដោយសារតែកត្តាអាយុកាល ទឹកហូរច្រោះ និងរុក្ខជាតិដុះចាក់ឫសចូលសំណង់។ យ៉ាងណាពេលនេះ គឺក្រុមការងារជំនាញបានបញ្ចប់ការជួសជុលរចនាសម្ព័ន្ធបង្ហូរទឹកនៅទិសខាងលិចនៃប្រាសាទនាគព័ន្ធបានដោយជោគជ័យហើយ។ លើសពីនេះ រចនាសម្ព័ន្ធរបស់បង្ហូរទឹកនៅទិសខាងលិច នៃប្រាសាទនាគព័ន្ធ  បានប្រែក្លាយពីការខូចខាតទៅជាមានភាពរឹងមាំ និងមានសោភ័ណភាពឡើងវិញ។ លោកបន្ថែមថា ក្រុមការងារជំនាញធ្លាប់បានជួសជុលរចនាសម្ព័ន្ធបង្ហូរទឹករបស់ប្រាសាទនាគព័ន្ធ ចំនួន២ទីតាំងរួចមកហើយដោយ ទី១.រចនាសម្ព័ន្ធបង្ហូរទឹកនៅទិសខាងកើត និងទី២.រចនាសម្ព័ន្ធបង្ហូរទឹកនៅទិសខាងជើង

 សូមជម្រាបថា ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​។ ត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវបានគេសាងសង់នៅលើកោះទំហំ៣៥០ម៉ែត្រ ដែលមានស្រះសន្សំទឹកបរិសុទ្ធ​៤ ដោយរៀបចំឱ្យមានជាសញ្ញាលេខបូកជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ។ មានរូបចម្លាក់ទាំង៤ទិសសម្រាប់ជាតំណាងឱ្យធាតុទាំង៤ គឺធាតុដី តំណាងដោយរូបចម្លាក់ក្បាលមនុស្ស ស្ថិតនៅទិសខាងកើត, ធាតុភ្លើង តំណាងដោយរូបចម្លាក់ក្បាលតោ ស្ថិតនៅទិសខាងត្បូង, ធាតុខ្យល់ តំណាងដោយរូបចម្លាក់ក្បាលសេះ ស្ថិតនៅទិសខាងលិច, និងធាតុទឹក តំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត