
ខេត្តសៀមរាប៖ ក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធ បន្ទាប់ពីបញ្ជប់ការជួសជុលទបង្ហូរទឹកផ្នែកខាងកើតរួចរាល់ក្នុងរយៈពេលជិត២ខែកន្លងមក។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤..។

លោក អ៊ិច ស្រេង ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កិច្ចការងារជួសជុលទបង្ហូរទឹកផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធ ត្រូវបានចាប់ផ្តើមតាំងតែពីដើម ខែសីហា ឆ្នាំ២០២៤ ដើម្បីពង្រឹងរចនាសម្ព័ន្ធនៃទបង្ហូរទឹក ដែលប្រឈមនិងគ្រោះថ្នាក់ ឱ្យវារឹងមាំគង់វង្សយូរអង្វែងទៅមុខទៀត។ ស្ថាបត្យកររូបនេះបន្ថែមថា មុននឹងចាប់ផ្តើមជួសជុល អភិរក្ស ទបង្ហូរទឹកទាំងនោះ អ្នកជំនាញបានសិក្សាអំពីស្ថានភាពគ្រឹះ សម្រង់ប្លង់គោលរបស់ទបង្ហូរទឹកនីមួយៗ ដើម្បីចង់ដឹងអំពីទំហំនៃភាពខូចខាត ទើបចាប់ផ្តើមជួសជុលដោយយកតាមលំនាំពីបុរាណ រក្សាអ្វីជាភាពដើមនៃសំណង់ ជ្រើសយកថ្មី មកជំនួសថ្មចាស់ ក្នុងកម្រិតទាបបំផុត។

ក្រោយការពិនិត្យ អ្នកជំនាញចាប់ផ្តើមជួសជុលពង្រឹងគ្រឹះខាងក្រោមនៃទបង្ហូរទឹកជាមុន ដោយសារទីនោះមានសភាពទ្រុឌទ្រោមខ្លាំង ទើបបន្តទៅជួសជុលនៅផ្នែកជណ្តើរវិញម្ដង។ បន្ថែមលើនោះ លោក អ៊ិច ស្រេង ថា ជាជំហានបន្ទាប់ ក្រុមការងារនឹងបន្តទៅជួសជុលទបង្ហូរទឹកផ្នែកខាងលិចនៃប្រាសាទនាគព័ន្ធ ពោលធ្វើយ៉ាងណាឱ្យរចនាសម្ព័ន្ធរបស់ទបង្ហូរទឹក និងជណ្តើរ រួចផុតពីហានិភ័យ។ សូមជម្រាបថា ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងជណ្តើរខាងលិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុលជណ្តើរខាងកើតនៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងលិច នៃប្រាសាទនាគព័ន្ធ៕






