
ក្រុងសៀមរាប៖ ប្រាសាទនាគព័ន្ធ ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ដែលព័ទ្ធជុំវិញដោយផ្ទៃទឹកបារាយណ៍ដ៏ធំល្វឹងល្វើយ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យ ផ្សារភ្ជាប់ជាមួយជំនឿសាសនាខ្មែរតាំងពីបុរាណកាល។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ឧសភា ២០២៦។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា មន្រ្តីជំនាញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគ្រប់គ្រងប្រព័ន្ធទឹកបុរាណប្រាសាទនាគព័ន្ធ ដែលរីងស្ងួតអស់ជាង៥០០ឆ្នាំកន្លងមកហើយ ដោយបានជួសជុល ស្តារ និងបំពេញទឹកក្នុងបារាយណ៍ខាងជើងនេះឡើងវិញនៅឆ្នាំ២០០៨។ ការរក្សាទឹកឱ្យមានស្ថិរភាពក្នុងប្រព័ន្ធបុរាណនេះមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពបរិស្ថានជុំវិញឱ្យមានភាពខៀវស្រងាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងផ្នែកបច្ចេកទេស គឺផ្ដល់សំណើមដល់ស្រទាប់ដីគ្រឹះ ការពារការស្រុត ដើម្បីរក្សាលំនឹងគ្រឹះប្រាសាទឱ្យរឹងមាំយូរអង្វែង។

ប្រាសាទនេះ មានរចនាសម្ព័ន្ធប្លែកពីគេ ដោយមានស្រះធំមួយនៅចំកណ្តាល ហើយមានស្រះតូចៗ និងរូបចម្លាក់នៅតាមទិសទាំងបួន។ ទិសខាងកើត មានចម្លាក់ក្បាលមនុស្ស, ទិសខាងត្បូង មានចម្លាក់ក្បាលសិង្ហ, ទិសខាងលិចមាន ចម្លាក់ក្បាលសេះ, និងទិសខាងជើងមានចម្លាក់ក្បាលដំរី។ នៅចន្លោះស្រះធំ និងស្រះតូចៗ មានទបង្ហូរទឹកដែលសាសនិកជនប្រើប្រាស់ក្នុងកិច្ចពិធីបួងសួង ដូចជាពិធីសុំទឹកភ្លៀង ដោយដងទឹកពីស្រះធំមកចាក់បង្ហូរតាមទខាងក្នុង បញ្ចេញតាមមាត់នៃរូបចម្លាក់មនុស្ស និងរូបចម្លាក់សត្វទាំងនោះ។ បន្ថែមពីនេះ នៅមានរូបនាគពីរទៀត ដែលព័ន្ធជុំវិញខឿនប្រាសាទកណ្តាល គឺជានិមិត្តរូបនៃនាគ ដែលរស់នៅថែរក្សាស្រះសួគ៌ា៕







