
មជ្ឈិមបូព៌ា៖ សង្រ្គាមនៅលីបង់បានឡើងកម្ដៅយ៉ាងខ្លាំង ក្រោយកងទ័ពអ៊ីស្រាអែល វាយប្រហារតាមអាកាសចំរថយន្តមួយគ្រឿង បណ្ដាលឱ្យមន្ត្រីយោធាជាន់ខ្ពស់របស់រដ្ឋាភិបាលលីបង់៣រូប បាត់បង់ជីវិត រួមមាន នាយទាហានលីបង់២រូប និងពលទាហានម្នាក់។

ភាគីកងទ័ពលីបង់ បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង និងបានថ្កោលទោសការវាយប្រហារនេះថា ជាទង្វើដ៏ឃោរឃៅ ព្រៃផ្សៃ និងជាចេតនាវាយប្រហារម្ដងហើយម្ដងទៀតពីសំណាក់អ៊ីស្រាអែល។ ព្រឹត្តិការណ៍នេះ បានសម្លាប់មន្ត្រីយោធាលីបង់៣រូប រួមមាន លោកឧត្តមសេនីយ៍ត្រី Samer Sabra, លោកអនុសេនីយ៍ឯក Elie Khoury និងពលទាហាន Hassan Ghazal។ ភ្លាមៗ អ៊ីស្រាអែលបានអះអាងថា បានបើកការស៊ើបអង្កេតបន្ទាន់ ដោយដោះសារថា រថយន្តនោះបានធ្វើចលនាគួរឱ្យសង្ស័យ នៅក្នុងតំបន់សមរភូមិសកម្ម ហើយបញ្ជាក់ថា ខ្លួនវាយប្រហារតែលើក្រុមភេរវករហេស្សបូឡា និងមិនមានបំណងតតាំងជាមួយកងទ័ពលីបង់នោះទេ។ ស្របពេលជាមួយគ្នា ក្រុមហេស្សបូឡា បានទម្លាក់កំហុសលើរដ្ឋាភិបាលលីបង់ថា ទន់ជ្រាយក្នុងការចរចាជាមួយអាម៉េរិក ទើបធ្វើឱ្យអ៊ីស្រាអែលព្រហើន។

សោកនាដកម្មនេះ បានកើតឡើងចំពេលដែលមេដឹកនាំក្រុមហេស្សបូឡា លោក Naim Qassem បានចេញមុខទាត់ចោលកិច្ចព្រមព្រៀងឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ខណៈប្រធានាធិបតីលីបង់ លោក Joseph Aoun បានសម្តែងការធុញទ្រាន់នឹងសង្រ្គាម ហើយបានទម្លាក់កំហុសលើប្រទេសអ៊ីរ៉ង់ថា ជាអ្នកបង្កវិបត្តិ។ គិតត្រឹមពេលនេះ មនុស្សយ៉ាងហោចណាស់ ៣៥៥០នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមត្រីភាគីរវាងអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីដើមខែមីនា ឆ្នាំ២០២៦ មកម៉្លេះ។

សង្គ្រាមដ៏រ៉ាំរ៉ៃនេះ បានឈានចូលដល់ដំណាក់កាលថ្មីមួយទៀត ចាប់តាំងពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេស្សបូឡាបានបាញ់មីស៊ីល និងដ្រូនវាយប្រហារលើអ៊ីស្រាអែល ដើម្បីសងសឹកឱ្យការស្លាប់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ ជាការឆ្លើយតប រដ្ឋាភិបាលលីបង់បានសម្រេចចិត្តហាមឃាត់រាល់សកម្មភាពយោធារបស់ក្រុមហេស្សបូឡា និងបានគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយសហរដ្ឋអាម៉េរិក ដើម្បីសម្រេចបាននូវការឈប់បាញ់ប្រកបដោយចីរភាព ការដកទ័ពរបស់អ៊ីស្រាអែល និងការដោះស្រាយបញ្ហាអាវុធរបស់ក្រុមហេស្សបូឡា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហេស្សបូឡាបានទាត់ចោលរាល់សំណើទាំងឡាយណាដែលផ្សារភ្ជាប់ការឈប់បាញ់ទៅនឹងការរំសាយអាវុធរបស់ខ្លួន ដោយបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារ និងដកកងទ័ពចេញជាមុនសិន៕


