
រាជធានីបាងកក៖ ស្របពេលតំបន់ភាគខាងត្បូងប្រទេស កំពុងផ្ទុះឡើងនូវភាពវឹកវរ និងអំពើហិង្សាប្រដាប់អាវុធជាបន្តបន្ទាប់ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល (Anutin Charnvirakul) ក៏ត្រៀមហោះទៅកាន់រាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩ ខែកក្កដាខាងមុខនេះ ក្នុងបំណងសុំពង្រឹងកិច្ចសហប្រតិបត្តិការ លើការបង្ក្រាបក្រុមឧទ្ទាមបំបែកខ្លួន និងទប់ស្កាត់សកម្មភាពភេរវកម្មឆ្លងដែន។

លោក ឆាត់ឆៃ បាងឈូដ (Chatchai Bangchuad) អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី អានុទីន នឹងលើកយកបញ្ហាសន្តិសុខដ៏ក្ដៅគគុកនេះ ទៅពិភាក្សាផ្ទាល់ជាមួយសមភាគីម៉ាឡេស៊ី គឺលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។ គម្រោងទស្សនកិច្ចកម្រិតកំពូលនេះ បានកើតឡើងចំពេលខេត្តតាមព្រំដែនភាគខាងត្បូង ប្រទេសថៃ កំពុងញាំញីដោយអំពើហិង្សា ការបាញ់ប្រហារ និងការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់។ ថ្មីៗនេះ ទើបតែមានករណីបំផ្ទុះស្ថានីយប្រេងឥន្ធនៈក្នុងខេត្តយ៉ាឡា កាលពីថ្ងៃទី២៨ ខែមិថុនា។ ជាងនេះទៅទៀត កាលពីថ្ងៃទី២៩ ខែមិថុនា គ្រាប់បែកច្នៃ១គ្រាប់ ទម្ងន់ប្រមាណ៧០គីឡូក្រាម ត្រូវបានបង្កប់ក្នុងលូកាត់ថ្នល់ ហើយបានផ្ទុះឡើងនៅក្នុងខេត្តនរាធិរាសបណ្ដាលឱ្យភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន២នាក់រងរបួស ពេលកំពុងធ្វើដំណើរតាមរថយន្ត។ តាមការពិនិត្យបឋមរបស់មន្ត្រីជំនាញថៃ បានរកឃើញថា គ្រឿងផ្សំ និងសារធាតុសំខាន់ៗមួយចំនួនដែលក្រុមឧទ្ទាមយកមកច្នៃធ្វើជាគ្រាប់បែកទម្ងន់៧០គីឡូក្រាមនេះ គឺមិនមានលក់នៅលើទីផ្សារប្រទេសថៃនោះឡើយ។

គួរបញ្ជាក់ថា តំបន់ព្រំដែនដ៏ធូរលុងចន្លោះភាគខាងត្បូងប្រទេសថៃ និងភាគខាងជើងប្រទេសម៉ាឡេស៊ី បាននិងកំពុងក្លាយជាច្រកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ក្រុមឧទ្ទាមប្រដាប់អាវុធ ប្រើប្រាស់ធ្វើជាទីជម្រកបណ្តោះអាសន្ន ដើម្បីគេចវេះពីប្រតិបត្តិការបង្ក្រាបដ៏ក្ដៅគគុករបស់កងទ័ពភូមិភាគទី៤របស់ថៃ។ ប្រភពព័ត៌មានសន្តិសុខបានទម្លាយថា ក្រុមយុទ្ធជនឧទ្ទាមភាគច្រើនអាចធ្វើដំណើរឆ្លងកាត់ ឬលាក់ខ្លួននៅក្នុងទឹកដីម៉ាឡេស៊ីយ៉ាងងាយស្រួល ដោយសារតែពួកគេមានសញ្ជាតិពីរ (ទាំងថៃ និងម៉ាឡេស៊ី) ឬមានសាច់ញាតិកំពុងរស់នៅទីនោះស្រាប់។ លើសពីនេះទៅទៀត មេដឹកនាំសំខាន់ៗជាច្រើនរូបនៃចលនាបដិវត្តន៍ជាតិ (BRN) ជាក្រុមឧទ្ទាមដ៏មានឥទ្ធិពលបំផុតក្នុងការដឹកនាំការប្រយុទ្ធ ក៏ត្រូវបានគេជឿជាក់យ៉ាងមុតមាំថា កំពុងស្នាក់នៅ និងបញ្ជាពីក្នុងទឹកដីម៉ាឡេស៊ី ដែលធ្វើឱ្យឥទ្ធិពលនយោបាយ និងយោធារបស់ក្រុមនេះនៅតែបន្តមានទម្ងន់នៅក្នុងខេត្តព្រំដែនភាគខាងត្បូងថៃ៕




