មេដឹកនាំបក្សប្រឆាំងថៃ និងតំណាងរាស្ត្រ៩រូប ឡើងតុលាការពាក់ព័ន្ធបទប៉ុនប៉ងចង់កែច្បាប់ប្រមាថព្រះមហាក្សត្រ
ហៀប ស៊ីថេត
9 ម៉ោងមុន

រាជធានីងកក៖ មេដឹកនាំបក្សប្រឆាំងដ៏ធំរបស់ប្រទេសថៃ និងតំណាងរាស្ត្រ៩រូបផ្សេងទៀត ស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ ដែលត្រូវឡើងសវនាការកាត់ក្ដី នៅថ្ងៃអង្គារទី៣០ ខែមិថុនានេះ ក្រោមបទចោទប្រកាន់លើការប៉ុនប៉ងកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតរបស់ព្រះរាជាណាចក្រមួយនេះ។

ជនជាប់ចោទទាំង៤៤នាក់ ត្រូវឡើងសវនាការនៅតុលាការកំពូល រួមមានលោក ណាត់ថៈផុង រឿងបញ្ញវុទ្ធ (Natthaphong Ruengpanyawut) ដែលមេដឹកនាំគណបក្សប្រជាជនថៃ ដែលបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការបោះឆ្នោតសកលកាលពីខែកុម្ភៈកន្លងទៅ។ គេនៅចាំបានថា កាលពីឆ្នាំ២០២១ អតីតគណបក្សគណបក្សប្រជាជនថៃ គឺគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) បានស្នើឡើងនូវសេចក្ដីព្រាងច្បាប់ដើម្បីធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។ កាលពីខែមេសា ឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីទៅកាន់តុលាការកំពូល ប្រឆាំងនឹងអតីតអ្នកនយោបាយទាំង៤៤រូបនោះ ដោយចោទប្រកាន់ពីបទរំលោភលើក្រមសីលធម៌។ ប្រសិនបើរកឃើញថាមានទោសកំហុស ឬពិរុទ្ធ នោះពួកគេអាចនឹងត្រូវប្រឈមមុខនឹងការហាមឃាត់ធ្វើនយោបាយអស់មួយជីវិត និងត្រូវដកហូតសិទ្ធិបោះឆ្នោតរយៈពេល១០ឆ្នាំ

លោក ណាត់ថៈផុង រឿងបញ្ញវុទ្ធ 
លោក ណាត់ថៈផុង រឿងបញ្ញវុទ្ធ 

គួររំលឹកផងដែរថា ពីមុន ជនជាប់ចោទទាំងនោះគឺជាសមាជិកនៃគណបក្សចលនាឆ្ពោះទៅមុខ ដែលបានស្នើធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។ តុលាការធម្មនុញ្ញរបស់ថៃបានរំលាយគណបក្សនេះ កាលពីឆ្នាំ២០២៤ ដោយកាត់សេចក្ដីថា ការសន្យាធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រនេះ ស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។ សមាជិកភាគច្រើននៃគណបក្សដែលត្រូវបានរំលាយនោះ បានបង្កើតគណបក្សថ្មីមួយគឺ«គណបក្សប្រជាជន(ថៃ)»នេះឯង។ លោក ណាត់ថៈផុង បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីខែមេសាថា៖«កិច្ចខិតខំប្រឹងប្រែងកែទម្រង់នេះ មិនដែលផ្ដោតទៅលើការបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យក្រោមរបបរាជានិយមឡើយ។ គោលបំណងរបស់យើងគឺហួសពីអាជីពនយោបាយទៅទៀត ពោលគឺការធានានូវសមភាពសម្រាប់ប្រជាជន។ យើងនឹងតតាំងក្ដីនេះនៅក្នុងតុលាការកំពូល ដើម្បីការពារសិទ្ធិរបស់តំណាងរាស្ត្រនៅក្នុងប្រព័ន្ធសភាប្រជាធិបតេយ្យ និងដើម្បីធានាថា ប្រជាធិបតេយ្យរបស់ថៃបម្រើប្រជាពលរដ្ឋពិតប្រាកដ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត