
រាជធានីបាងកក៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងខេត្តចន្ទបុរី អគ្គស្នងការដ្ឋាននគរបាលជាតិថៃ បានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយរៀបចំកិច្ចប្រជុំជាមួយ១១ប្រទេស ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធទូរសព្ទ ឬស្គេមអនឡាញ និងការជួញដូរមនុស្សឆ្លងដែន។ កិច្ចប្រជុំនេះក៏បានបង្ហាញប្រព័ន្ធ SHIELD (ស៊ីល) ដែលត្រូវបានរចនាឡើងដើម្បីភ្ជាប់ព័ត៌មានស៊ើបអង្កេត និងបង្កើនប្រសិទ្ធភាពនៃការតាមដានបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន...។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ថាត់ឆៃ ពិថានីឡាបុត្រ (Thatchai Pitanilabutr) អគ្គស្នងការរងនគរបាលជាតិថៃ និងជានាយកមជ្ឈមណ្ឌលប្រឆាំងការជួញដូរមនុស្ស ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នគរបាលថៃ និងតំណាងមកពីស្ថាប័នអនុវត្តច្បាប់នៃប្រទេសចំនួន១១ រួមមាន៖ ចិន, ជប៉ុន, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, សហរដ្ឋអាម៉េរិក, ឥណ្ឌូណេស៊ី, ឥណ្ឌា, អូស្ត្រាលី, កូរ៉េខាងត្បូង និងនេប៉ាល់។ លើសពីនេះ ក៏មានការចូលរួមពីអង្គការអន្តរជាតិ ដូចជា IOM, HSI, និង LMLECC (L-M-L-E-C-C) ព្រមទាំងស្ថាប័សំខាន់ៗរបស់ថៃ រួមមាន ក្រសួងការបរទេស និងកងទ័ពជើងគោកភូមិន្ទថៃ ដើម្បីកំណត់គោលការណ៍ណែនាំរួមគ្នាក្នុងការស្ទាក់ចាប់ បង្ការ និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

សូមជម្រាបថា មួយរយៈចុងក្រោយនេះ ប្រទេសថៃហាក់កំពុងអន់សាច់ខ្លាំងនៅលើឆាកអន្តរជាតិ ដោយសារតែងតែផុសឡើងជាហូរហែនូវបណ្តាញឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆបោកអនឡាញ។ ជាក់ស្តែង ថ្មីៗនេះ ថៃបានរកឃើញករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំៗជាច្រើនករណី ជាពិសេសករណីបង្ក្រាបលើរោងចក្រផលិតគ្រឿងញៀនប្រមាណ៥០តោន និងករណីស្ត្រីជនជាតិថៃម្នាក់ ជាអ្នកបម្រើការលើយន្តហោះ ត្រូវប៉ូលិសអូស្ត្រាលីចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនដែលមានតម្លៃជាង៣០ម៉ឺនដុល្លារ។ ចំណែកករណីអនឡាញស្គេមវិញ ក្នុងរយៈពេល៩ខែចុងក្រោយ ថៃចាប់ជនល្មើសដល់ទៅប្រមាណ៣ម៉ឺននាក់ឯណោះ ដោយក្នុងនោះ មានទាំងមេខ្លោងមួយចំនួនផងដែរ៕



