
ខេត្តស្ទឹងត្រែង៖ ថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្រុមឧក្រិដ្ឋជនច្រកការ៉ុងពណ៌ខៀវដឹកតាមទូក ត្រូវអាជ្ញាធរប្រដេញតាមស្ទាក់រហូតរឹបអូសបាន ស្ថិតនៅភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង....។

របាយការណ៍ពីអាជ្ញាធរនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មន្ត្រីបរិស្ថានអភិរក្សតំបន់រ៉ាមសារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានចុះល្បាតតាមដងទន្លេមេគង្គលើ ហើយក៏ប្រទះឃើញទូកមួយគ្រឿងបើកក្នុងល្បឿនលឿន។ ពេលនោះ មន្រ្តីជំនាញ ក៏បានសហការគ្នាដេញតាម ដោយសង្ស័យជាករណីលួចឆក់ត្រី។ ជនសង្ស័យ ប្រឹងបើកទូករត់ដោយមិនព្រមឈប់នោះទេ រហូតទាល់តែទៅបុកទូកអ្នកនេសាទបណ្ដាលឱ្យលិច ហើយក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្នុងហេតុការណ៍នេះ អ្នកនេសាទបានប្រទះឃើញការ៉ុងពណ៌ខៀវចំនួន២អណ្តែតទឹក ក៏ស្រង់ប្រគល់មកឱ្យសមត្ថកិច្ចទាំងយប់ ទើបពិនិត្យដឹងថាជាថ្នាំញៀន។ កងរាជអាវុធហត្ថ បានដាក់កម្លាំងទៅស្វែងរកជនសង្ស័យទាំងយប់នៅចំណុចកើតហេតុខាងលើ តែរកមិនឃើញឡើយ ទើបយកតែថ្នាំញៀនជាវត្ថុតាង មកទីបញ្ជាការធ្វើការត្រូតពិនិត្យនិងធ្វើតេស្តទៅតាមបច្ចេកទេស។ គ្រឿងញៀនទាំងនោះ ជាប្រភេទថ្នាំមេតំហ្វេតាមីន ហើយមានទម្ងន់៣៧គីឡូក្រាម។ បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ វេចខ្ចប់ដើម្បីបញ្ជូនបន្តទៅតុលាការ៕





