
រាជធានីភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ-ITC) សម្រេចប្តឹងបុគ្គលឈ្មោះ ណន សីហា ទៅតុលាការជាផ្លូវការ ពាក់ព័ន្ធនឹងការបន្លំសញ្ញាបត្រវិស្វករ។ ចំណាត់ការផ្លូវច្បាប់ដ៏ក្ដៅគគុកនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ។

តាមរយៈសេចក្ដីប្រកាស នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សាលាតិចណូ បញ្ជាក់ថា ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់លើករណីក្លែងបន្លំសញ្ញាបត្រវិស្វកររបស់បុគ្គលឈ្មោះ ណន សីហា សាលា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារសុចរិតភាព គុណភាព កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តរបស់វិទ្យាស្ថាន ក៏ដូចជាផលប្រយោជន៍របស់និស្សិត អតីតនិស្សិត និងសាធារណជនទាំងអស់។ វិទ្យាស្ថាននេះ បានរៀបចំឯកសារ និងភស្តុតាង ហើយដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ ដើម្បីស្នើសុំផ្តន្ទាទោសលើជនសង្ស័យ ដែលបានប្រើប្រាស់ និងក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន។

សូមជម្រាបផងដែរថា ការក្លែងបន្លំឯកសារសាធារណៈ គឺជាបទល្មើស ដែលមានចែងនៅក្នុងមាត្រា៦២៩នៃក្រមព្រហ្មទណ្ឌ ដោយបានកំណត់និយមន័យថា «ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាតណាមួយ។ បទល្មើសនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕



