
រាជធានីភ្នំពេញ៖ «បញ្ឈប់រាល់ការចរាចរចែកចាយគ្រប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដែលដាក់រង្វាន់ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ជាកំហិត»។ នេះជាសារជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញនៅថ្ងៃទី១ ខែកក្កដា។

តាមរយៈសេចក្តីណែនាំ ក្រសួងសេដ្ឋកិច្ច ប្រាប់ទៅគ្រប់សហគ្រាស ឱ្យបញ្ឈប់ទាំងស្រុងនូវកម្មវិធីផ្តល់ ឬប្តូររង្វាន់គ្រប់ប្រភេទ តាមរយៈក្រវិលកំប៉ុង គម្របដប កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ QR Code និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗ។ លើពីនេះ រាល់ការចែកចាយ ឬការផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃក៏ត្រូវផ្អាកដូចគ្នា។ ក្រសួងបញ្ជាក់ថា៖«សហគ្រាសទាំងអស់ ត្រូវបញ្ឈប់ការបញ្ជាទិញ នាំចូល ឬផលិតក្រវិលកំប៉ុង គម្របដប និងសំបកវេចខ្ចប់ដែលមានរង្វាន់ភ្ជាប់ ឬដាក់រង្វាន់ក្នុងកេសផលិតផលបន្តទៀត»។

ដោយឡែក ក្រសួងអនុញ្ញាតឱ្យអនុវត្តការលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount) មិនលើសពី១៥ភាគរយ នៃថ្លៃលក់ដែលកត់ត្រាលើវិក្កយបត្រ។ ចំពោះផលិតផលដែលនៅសល់អាយុកាលប្រើប្រាស់មិនលើសពី៦០ថ្ងៃ មុនថ្ងៃផុតកំណត់ អាចបញ្ចុះតម្លៃបានរហូតដល់២៥ភាគរយ ដោយត្រូវជូនដំណឹងជាមុនទៅអគ្គនាយកដ្ឋានពន្ធដារ។ បន្ថែមពីនេះ ក្រសួងក៏អនុញ្ញាតឱ្យមានការផ្ដល់អត្ថប្រយោជន៍ជាទំនិញ ឬសេវាផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដូចជា កែវ ឆត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្តជាដើម ប៉ុន្តែតម្លៃអត្ថប្រយោជន៍ទាំងនោះមិនត្រូវលើសពី៥ភាគរយ នៃថ្លៃលក់ដែលកត់ត្រាលើវិក្កយបត្រ។ ទន្ទឹមគ្នាក្រសួងអំពាវនាវដល់សហគ្រាសផលិត នាំចូល ចែកចាយ និងសាធារណជនទាំងអស់ ឱ្យចូលរួមអនុវត្តសេចក្តីណែនាំនេះប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងទីផ្សារ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល៕



