
ខេត្តសៀមរាប៖ វិស័យទេសចរណ៍តំបន់អង្គរ នៅតែប្រឈមនឹងការថយចុះទាំងចំនួនភ្ញៀវ និងចំណូលក្នុងឆ្នាំ២០២៦។ ៦ខែ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរបានថយចុះជិត ៣២ភាគរយ ធ្វើឱ្យថយចំណូលរហូតដល់ជាង២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

គ្រឹះស្ថានអង្គរ បង្ហាញរបាយការណ៍នៅថ្ងៃទី១ ខែកក្កដា ថា ស្ថិតិភ្ញៀវទេសចរបរទេស រួមទាំងចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ បេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្លៀស មានការធ្លាក់ចុះ។ ក្នុងរបាយការណ៍បង្ហាញលម្អិតថា ៦ខែ ឆ្នាំ២០២៦ មានភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់អង្គរជាង៣៨ម៉ឺននាក់ ថយចុះជិត៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯចំណូលពីការលក់សំបុត្រវិញមានជាង១៨លានដុល្លារអាម៉េរិក ថយចុះជិត ៣០ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍កម្ពុជា កំពុងអនុវត្តយុទ្ធនាការ«ទស្សនាកម្ពុជានារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា គឺមានគោលបំណងជំរុញចលនាទេសចរណ៍ក្នុងស្រុក និងផ្លាស់ប្ដូរការយល់ឃើញពីពាក្យ «Low Season» មកជា «Green Season» ដែលមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរផ្នត់គំនិតឱ្យក្លាយជាការគិតវិជ្ជមាន បង្កើតឱកាសសេដ្ឋកិច្ចថ្មី និងលើកកម្ពស់ការធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស៕




