រុស្ស៊ី ជំរុញឱ្យប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន ប្រើផ្លូវការទូតដោះស្រាយជម្លោះ
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានចេញមុខជំរុញប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ឱ្យប្រើប្រាស់យន្តការការទូត ដើម្បីដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ បន្ទាប់ពីស្ថានភាពតាមបន្ទាត់ព្រំដែនបានផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរ...។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងចំៗអំពីព្រឹត្តិការណ៍ដ៏សោកនាដកម្មនៃការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន ទៅលើតំបន់ព្រំដែនអាហ្វហ្កានីស្ថាន។ ទាក់ទិននឹងការវាយប្រហារនេះ អង្គការសហប្រជាជាតិ បានបញ្ជាក់កាលពេលថ្មីៗនេះថា មនុស្សយ៉ាងហោចណាស់២៨នាក់បានបាត់បង់ជីវិត ខណៈកងកម្លាំងសន្តិសុខប៉ាគីស្ថាន និងក្រុមតាលីបង់របស់អាហ្វហ្កានីស្ថាន បានអះអាងថា ចំនួនអ្នកស្លាប់អាចខ្ពស់ជាងនេះ។

«ភាគីរុស្ស៊ីសូមជំរុញយ៉ាងទទូចដល់រដ្ធធានីអ៊ិស្លាម៉ាបាដ និងរដ្ឋធានីកាប៊ុល ឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធជាបន្ទាន់ ហើយងាកមកដោះស្រាយបញ្ហាជម្លោះទាំងឡាយ តាមរយៈមធ្យោបាយនយោបាយ និងការទូតវិញ»។ នេះបើតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ី។ សូមជម្រាបថា ដើមចមនៃជម្លោះគឺកើតចេញពីការចោទប្រកាន់របស់ប៉ាគីស្ថានលើអាហ្វហ្កានីស្ថានថា បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធ ដែលនៅពីក្រោយការរៀបចំផែនការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅក្នុងប្រទេសប៉ាគីស្ថាន។ យ៉ាងណា ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន បានទាត់ចោលការចោទប្រកាន់នេះទាំងស្រុង ដោយតបវិញថា សកម្មប្រយុទ្ធទាំងនោះ គឺជាបញ្ហាផ្ទៃក្នុងរបស់ប៉ាគីស្ថានតែប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងអាហ្វហ្កានីស្ថានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត