
រដ្ឋធានីកៀវ៖ អ៊ុយក្រែនកាន់តែមិនធម្មតាហើយ! លោកប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ប្រកាសថា កងទ័ពអ៊ុយក្រែនទទួលបានជោគជ័យក្នុងការអភិវឌ្ឍ«ដ្រូនវាយប្រហារចម្ងាយឆ្ងាយជំនាន់ថ្មី» ដែលមានសមត្ថភាពហោះហើរទៅបំផ្លាញគោលដៅក្នុងចម្ងាយរហូតដល់ទៅជាង៣ពាន់គីឡូម៉ែត្រឯណោះ។

ការប្រកាសពីសមិទ្ធផលបច្ចេកវិទ្យាយោធាដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងស្របពេលប្រតិបត្តិការពិសេសរបស់កងទ័ពអាកាសអ៊ុយក្រែន ទើបទទួលបានជោគជ័យក្នុងការប្រើប្រាស់ដ្រូនទំនើបកម្មជំនាន់ថ្មីទាំងនេះ ទៅវាយប្រហាររោងចក្រចម្រាញ់ប្រេងដ៏ធំមួយរបស់រុស្ស៊ី ស្ថិតក្នុងតំបន់ Tyumen ភាគខាងលិចតំបន់ស៊ីបេរី (Siberia) ដែលមានចម្ងាយរហូតដល់ទៅជាង២ពាន់គីឡូម៉ែត្រ ពីព្រំដែនប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន សង្កត់ធ្ងន់ក្នុងសុន្ទរកថាប្រចាំរាត្រីរបស់លោកថា៖«បច្ចុប្បន្ន ដ្រូនរបស់យើងអាចហោះទៅដល់គោលដៅក្នុងចម្ងាយជាង៣ពាន់គីឡូម៉ែត្រហើយ។ នេះគឺជាការឆ្លើយតបដ៏សមហេតុផលបំផុតចំពោះរុស្ស៊ីដែលវាយប្រហារលើប្រទេសយើង ហើយផែនការប្រតិបត្តិការចម្ងាយឆ្ងាយរបស់អ៊ុយក្រែន កំពុងតែត្រូវបានអនុវត្តជាបណ្តើរៗហើយ»។

ការបង្កើតដ្រូនយុទ្ធសាស្ត្រដែលអាចហោះបានចម្ងាយជាង៣ពាន់គីឡូម៉ែត្រនេះ គឺជាជំហានវិវត្តដ៏ធំមួយរបស់អ៊ុយក្រែន នៅក្នុងប្រតិបត្តិការវាយប្រហារចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី។ អ៊ុយក្រែន ធ្វើប្រតិបត្តិការនេះជាច្រើនខែមកហើយ ដើម្បីកាត់ផ្តាច់ប្រភពចំណូលពីឧស្សាហកម្មប្រេងកាតរបស់រុស្ស៊ី ដែលជាក្បាលម៉ាស៊ីនហិរញ្ញវត្ថុដ៏សំខាន់ក្នុងការទ្រទ្រង់សង្រ្គាម។ រុស្ស៊ី អះអាងថា ប្រព័ន្ធការពារអាកាសខ្លួនបានស្ទាក់ចាប់ដ្រូនទាំងនោះ ហើយមិនមានការខូចខាតធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែដ្រូនអ៊ុយក្រែននៅតែអាចហោះកាត់ដែនអាកាសរុស្ស៊ីរាប់ពាន់គីឡូម៉ែត្រ រហូតទៅដល់តំបន់ស៊ីបេរី ដែលបង្ហាញពីការគំរាមកំហែងផ្នែកសន្តិសុខដ៏ធំធេងថ្មីមួយសម្រាប់រុស្ស៊ី៕




