អ៊ុយក្រែនប្រើដ្រូនរាប់រយគ្រឿងបា.ញ់ស្រោចលើរដ្ឋធានីមូស្គូ ខណៈលោក ពូទីន កំពុងជួបពិភាក្សាជាមួយមេដឹកនាំអាស៊ានក្នុងទីក្រុងកាហ្សាន
N
Nary Vann
9 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ កងទ័ពអាកាសអ៊ុយក្រែន បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយប្រចាំឆ្នាំ ដោយបានបង្ហោះដ្រូនរាប់រយគ្រឿងសំដៅទៅកម្ទេចរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅក្នុងរដ្ឋធានីមូស្គូ និងតំបន់ជុំវិញ នៅថ្ងៃទី១៨ ខែមិថុនា ចំពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងមមាញឹកក្នុងការទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយបណ្តាមេដឹកនាំអាស៊ានក្នុងទីក្រុងកាហ្សាន ដើម្បីប្រារព្ធខួបនៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ រដ្ឋធានីមូស្គូ និងទីក្រុងកាហ្សាន ស្ថិតនៅចម្ងាយពីគ្នាប្រមាណ៧២០គីឡូម៉ែត្រ។

តាមរបាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនសរុបចំនួន៥៥៥គ្រឿងនៅទូទាំងប្រទេស ដោយក្នុងនោះមានរហូតដល់ទៅ១៨០គ្រឿង ត្រូវបានស្ទាក់ចាប់នៅជុំវិញរដ្ឋធានីមូស្គូ។ ទោះជាយ៉ាងណា អភិបាលរដ្ឋធានីមូស្គូ លោក Sergei Sobyanin បានទទួលស្គាល់ថា មានដ្រូនមួយចំនួនបានទម្លុះប្រព័ន្ធការពារ ហើយបានហោះទៅបុកចំរោងចក្រចម្រាញ់ប្រេងដ៏ធំប្រចាំរដ្ឋធានី នៅក្នុងខណ្ឌ Kapotnya បណ្ដាលឱ្យមានអណ្តាតភ្លើង និងផ្សែងខ្មៅហុយទ្រលោមពេញមេឃ ដែលនេះជាលើកទីពីរហើយក្នុងសប្តាហ៍នេះ ដែលរោងចក្រមួយនេះរងការវាយប្រហារ ធ្វើឱ្យព្រលានយន្តហោះទាំងអស់ក្នុងរដ្ឋធានីមូស្គូត្រូវផ្អាកដំណើរការភ្លាមៗ និងមានមនុស្ស១៦នាក់រងរបួស។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានផ្ញើសារជាសំឡេងទៅកាន់ក្រុមអ្នកកាសែត ដោយបញ្ជាក់ពីការវាយប្រហារនេះថាជា ការឆ្លើយតបដ៏យុត្តិធម៌បំផុតទៅនឹងរុស្ស៊ីបានបាញ់មីស៊ីលកម្ទេចវិហារបុរាណអាយុកាលជិត១ពាន់ឆ្នាំ នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ លោក ហ្សេឡេនស្គី បានព្រមានចំៗថា៖«យើងមិនចង់បានសង្រ្គាមនេះទេ...ប៉ុន្តែបើអ៊ុយក្រែនត្រូវឆេះ រដ្ឋធានីមូស្គូរបស់អ្នកក៏ត្រូវតែឆេះដូចគ្នា»។ បន្ថែមពីលើរដ្ឋធានីមូស្គូ ភាគីអ៊ុយក្រែនក៏បានវាយប្រហារចំដេប៉ូប្រេងនៅក្នុងតំបន់ Rostov និងកម្ទេចស្ពានយុទ្ធសាស្ត្រចំនួនពីរទៀត ដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ភស្តុភាររបស់កងទ័ពរុស្ស៊ី។

អ៊ុយក្រែនកំពុងប្រើប្រាស់យុទ្ធសាស្ត្រដ្រូនរាប់រយគ្រឿង បង្កជាភាពវឹកវរដល់បេះដូងនៃប្រទេសរុស្ស៊ី និងបង្ខំឱ្យមហាអំណាចលំដាប់ទី៣ផ្នែកផលិតប្រេងមួយនេះ ត្រូវប្រកាសនាំចូលប្រេងតាមផ្លូវទឹកវិញ ដោយសារការខ្វះខាត។ ក្នុងពេលនេះ ជំនួបរវាងលោក ពូទីន និងមេដឹកនាំអាស៊ាន ត្រូវបានគេមើលឃើញថា កំពុងរៀបចំឡើងក្រោមស្រមោលនៃការគំរាមកំហែងសន្តិសុខដ៏ក្ដៅគគុក។ ទន្ទឹមនោះ ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Interfax ថា ការវាយប្រហារឥតឈប់ឈររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីនាពេលនេះ កំពុងតែរុញច្រានលទ្ធភាពនៃការចរចាសន្តិភាពដោយផ្ទាល់រវាងលោក ពូទីន និងលោក ហ្សេឡេនស្គី ឱ្យកាន់តែឆ្ងាយទៅៗហើយ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត