
រដ្ឋធានីវ៉ាស៊ីនតោន៖ អាម៉េរិកបានអនុម័តលើការលក់យន្តហោះចម្បាំងប្រភេទ F/A-18F Super Hornet និង EA-18G Growler ទៅឱ្យប្រទេសអូស្ត្រាលី ក្នុងតម្លៃ ២៥០លានដុល្លារ។ ការលក់នេះ បង្ហាញពីលើកកម្ពស់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិកបានអះអាងថា ៖«អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់យើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ ទីតាំងយុទ្ធសាស្ត្រនៃអំណាចនយោបាយ និងសេដ្ឋកិច្ចមួយនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ វាមានសារសំខាន់ខ្លាំងណាស់ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាម៉េរិក ក្នុងការជួយដល់សម្ព័ន្ធមិត្តរបស់យើងក្នុងការអភិវឌ្ឍ និងការរក្សាសមត្ថភាពស្វ័យការពារដ៏រឹងមាំ»។

លើសពីនេះ ក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មិនមែនធ្វើឡើងក្នុងបំណងផ្លាស់ប្ដូរតុល្យភាពយោធាកម្រិតមូលដ្ឋាននៅក្នុងតំបន់នោះទេ ហើយកិច្ចព្រមព្រៀងនេះក៏នឹងមិនប៉ះពាល់ដល់ការត្រៀមលក្ខណៈការពារជាតិរបស់សហរដ្ឋអាម៉េរិកនោះដែរ។ ក្រសួងការបរទេសអាម៉េរិក បន្ថែមថា៖«ការលក់នេះនឹងលើកកម្ពស់សមត្ថភាពរបស់អូស្ត្រាលីក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបង្កើនលទ្ធភាពធ្វើការរួមគ្នាជាមួយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តតាមរយៈការបណ្ដុះបណ្ដាលគ្រប់ជ្រុងជ្រោយ។ អូស្ត្រាលីនឹងមិនមានការលំបាកអ្វីឡើយ ក្នុងការបញ្ចូលការបណ្ដុះបណ្ដាលក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន»៕



