
រដ្ឋធានីញូវដេលី៖ ស្ងាត់ៗ ឥណ្ឌាពួនសង្ងំអភិវឌ្ឍប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកមួយប្រភេទ ដែលមានឈ្មោះថា «មីត្យា (MITHYA)» ដើម្បីយកទៅបំពាក់ជាប់នឹងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ជាពិសេស គឺមីស៊ីលឆ្លងទ្វីប Agni-V។ គោលបំណងធំបំផុតនោះគឺការពារគ្រាប់មីស៊ីល កុំឱ្យខែលការពាររបស់សត្រូវបាញ់ស្ទាក់ទម្លាក់បាន ដែលនេះជាការបោះជំហានឆ្ពោះទៅមុខដ៏ធំមួយ ក្នុងការបង្កើនសមត្ថភាពរស់រាន និងការទប់ស្កាត់ការវាយប្រហារពីសំណាក់ខ្មាំងសត្រូវ។

ប្រព័ន្ធនេះ មានប្រភពថាមពលស្វយ័តក្នុងខ្លួន អាចដំណើរការបានភ្លាមៗក្នុងពេលមីស៊ីលកំពុងហោះហើរ ហើយត្រូវបានរចនាឡើងដើម្បីធ្វើការរំខាន បន្លំភ្នែក និងបិទបាំងរ៉ាដារបស់សត្រូវ ដើម្បីធានាថា មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ឥណ្ឌានៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងការវាយប្រហារ ទោះប្រឈមមុខនឹងការគំរាមកំហែងនានាក៏ដោយ។ នៅពេលឥណ្ឌាបាញ់មីស៊ីលចេញទៅ ហើយសត្រូវព្យាយាមប្រើរ៉ាដាដើម្បីស្វែងរក និងប្រើប្រព័ន្ធការពារដែនអាកាសបាញ់ទម្លាក់ ប្រព័ន្ធមីត្យានេះនឹងលាតអង់តែនចេញមក ហើយបង្កការរំខាន តាមរយៈការបាញ់រលកសញ្ញាទៅបិទ ឬបំភាន់ភ្នែករ៉ាដារបស់សត្រូវ, បង្កើតរូបភាពក្លែងក្លាយនៅលើអេក្រង់រ៉ាដាសត្រូវ ធ្វើឱ្យសត្រូវភាន់ច្រឡំ បាញ់មីស៊ីលការពារដែនអាកាសទៅខុសទិសដៅ, និងលាក់កំម្បាំងខ្លួនមីស៊ីលពិត មិនឱ្យសត្រូវដឹងថាហោះដល់ណា។

លក្ខណៈពិសេសរបស់ប្រព័ន្ធមីត្យា គឺវាមានប្រភពថាមពលដោយខ្លួនឯង ដោយដំណើរការឯករាជ្យមិនពឹងផ្អែកលើប្រភពថាមពលចម្បងរបស់គ្រាប់មីស៊ីលនោះឡើយ។ វាប្រើប្រាស់ថ្មប្រភេទលីចូម-អ៊ីយ៉ុងជំនួយ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងថ្មផ្ទាល់ខ្លួន ធ្វើឱ្យវាមានភាពធន់ខ្ពស់ក្នុងអំឡុងពេលបំពេញបេសកកម្មដ៏សំខាន់។ បច្ចុប្បន្ន ប្រទេសជិតខាងរបស់ឥណ្ឌាទាំង២ [ចិន-ប៉ាគីស្ថាន] មានប្រព័ន្ធរ៉ាដា និងខែលស្ទាក់ចាប់មីស៊ីលទំនើបៗណាស់ បើឥណ្ឌាមិនរកវិធីបិទភ្នែករ៉ាដាទាំងនោះទេ មីស៊ីលរបស់ឥណ្ឌានឹងត្រូវគេបាញ់ទម្លាក់ចោលទទេៗមិនខាន។ សូមជម្រាបថា គម្រោងនេះ ក៏ឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់ឥណ្ឌាថា សង្គ្រាមយុទ្ធសាស្ត្រសម័យទំនើបនាពេលបច្ចុប្បន្ន ទាមទារឱ្យមានប្រព័ន្ធការពារ និងវាយបកយ៉ាងសកម្ម មិនមែនពឹងផ្អែកតែលើសមត្ថភាពហោះហើររបស់មីស៊ីលតែមួយមុខនោះឡើយ៕



