
សុខភាព៖ ការកើតជំងឺអាត់ ឬកមរមាស់ (Scabie) ដោយសារមានពពួកសត្វល្អិតម្យ៉ាងឈ្មោះ Sarcoptes scabie មិនអាចមើលឃើញដោយភ្នែកទទេ បានឆ្លងចូលក្នុងស្បែក។

ជំងឺអាត់មានរោគសញ្ញា ដូចជា ឡើងកន្ទួលក្រហមជាបន្ទាត់ខាងក្រោមសាច់ ឬឡើងពងទឹក ជាពិសេសនៅតំបន់ចន្លោះម្រាមដៃ-ម្រាមជើង ក្លៀក គន្លាក់ដៃ ក្រលៀន ។ល។ ចំពោះវិធីល្អដែលជួយមិនឱ្យកើតជំងឺនេះ រួមមាន៖ ទី១.ត្រូវយកពូក ខ្នើយ ទៅហាលថ្ងៃ ទី២.បោសសម្អាតបន្ទប់គេង និងបើកបង្អួច ទ្វារឱ្យអស់ដើម្បីយកពន្លឺថ្ងៃចូលឱ្យបានគ្រប់គ្រាន់ ទី៣.យកសំលៀកបំពាក់ កម្រាល មុង ភួយទាំងអស់របស់អ្នកជំងឺអាត់បោកគក់ជាមួយទឹកក្តៅ និងហាលថ្ងៃឱ្យស្ងួតខ្លាំង ទី៤.សម្ភារដែលមិនអាចបោកគក់បាន ត្រូវវេចខ្ចប់ក្នុងថង់ប្លាស្ទិកទុកចោលឱ្យបាន៣ថ្ងៃ។ បើមានសមាជិកក្នុងក្រុមគ្រួសារណាម្នាក់របស់លោកអ្នកឆ្លងជំងឺអាត់ គឺត្រូវព្យាបាលទាំងអស់គ្នា ឬបើលោកអ្នកបានប៉ះពាល់អ្នកជំងឺនេះ ក៏ត្រូវទៅមន្ទីរជួបគ្រូពេទ្យព្យាបាលដែរ ទោះបីមិនទាន់មានរោគសញ្ញាណាមួយចេញមកឱ្យឃើញ៕
អត្ថបទដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យបង្អែកស្អាង ខេត្តកណ្តាល



