
សុខភាព៖ គ្រប់សារធាតុគីមីទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យប្រើលើចំណីអាហារទេ តែយ៉ាងណាត្រូវមានការប្រយ័ត្នខ្ពស់ ព្រោះអាចមានអ្នកលក់មួយចំនួនខិលខូច លួចប្រើសារធាតុគីមី៣ប្រភេទនេះ ដាក់នៅក្នុងម្ហូបអាហារ ដើម្បីរក្សាទុកឱ្យបានយូរ និងនៅតែស្រស់មិនងាយខូច...។

សារធាតុគីមីទាំង៣ប្រភេទនោះ មានដូចជា ទី១.ម្សៅស ឬថ្នាំស (Sodium Hydrosulfite)៖ សូដ្យូមអ៊ីដ្រូស៊ុលហ្វីតជាម្សៅសប្រើសម្រាប់ជាធាតុផ្សំក្នុងការផលិតរ៉េអាក់ទ័រនុយក្លេអ៊ែរ ក្រដាស ថ្នាំពណ៌ និងសារធាតុគីមីផ្សេងទៀត។ តែអាចមានលួចដាក់លើសណ្តែកបណ្ដុះ បន្លែសម្លកកូរ ស្ករត្នោត ទំពាំងជ្រក់ គល់ស្លឹកគ្រៃ ខ្ញី ត្រយ៉ូងចេក ដើមចេកហាន់ស្រាប់ ដើម្បីឱ្យនៅស្រស់បានយូរ និងមានពណ៌-សស្អាតមិនប្រែជាខ្មៅ។ បើបានទទួលទានម្ហូបអាហារ មានផ្ទុកសារធាតុគីមីនេះ នឹងអាចបណ្ដាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាករូស។ សម្រាប់អ្នកមានបញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរជាមួយសារធាតុនេះ ឬអ្នកមានជំងឺហឺត អាចបណ្ដាលឱ្យពិបាកដកដង្ហើម ឬអាចបាត់បង់ជីវិត។

២.ហ្វ័រម៉ុល (Formaldehyde)៖ ហ្វ័រម៉ុល ឬហ្វ័រម៉ាលីន (Formalin) ជាឧស្ម័នឆួលគ្មានពណ៌ប្រើប្រាស់ជាទូទៅ ក្នុងវិស័យឧស្សាហកម្មសម្រាប់ការផលិតជ័រប្លាស្ទិក ជី គ្រឿងសម្អាង និងវាយនភណ្ឌ។ មួយវិញទៀត គេក៏ប្រើហ្វ័រម៉ុលចាក់ចូលសព ការពារកុំឱ្យរលួយ តែអ្នកលក់ខ្លះបែរមានគំនិតខូច លួចដាក់សារធាតុនេះទៅក្នុងម្ហូបអាហារដូចជា បន្លែ ត្រី សាច់ គ្រឿងសមុទ្ទ ផ្អក ប្រហុក ត្រីប្រម៉ា ត្រីងៀត ដើម្បីឱ្យនៅស្រស់ និងរក្សាទុកបានយូរ។ ចំពោះ ផលប៉ះពាល់នៃការទទួលទានហ្វ័រម៉ុល ក្នុងរយៈពេលខ្លីមានដូចជា ឈឺក្បាល ហៀរសំបោរ ចង្អោរ ថប់ដង្ហើម ប្រតិកម្ម រលាកច្រមុះ ភ្នែក និងបំពង់-ក។ ចំណែក ផលប៉ះពាល់រយៈពេលវែង អាចធ្វើឱ្យមានជំងឺហឺត ជំងឺផ្លូវដង្ហើម រលាកក្រពះ ក្អួត សន្លប់ តម្រងនោមមានបញ្ហា និងអាចគ្រោះថ្នាក់ដល់អាយុជីវិត។

៣.បូរាក់ (Borax)៖ បូរាក់ ឬសូដ្យូមបូរ៉ាត ឬហៅថាទឹកអន្សា ជាសារធាតុម្សៅពណ៌-ស ដូចអំបិលសម្រាប់ប្រើជាជី សារធាតុសម្អាត និងថ្នាំសម្លាប់សត្វល្អិត។ ប្រភេទចំណីអាហារជាច្រើនអាចត្រូវបានគេដាក់សារធាតុបូរាក់ ក្នុងនោះមានដូចជា មឹក បង្គា សាច់ប៉ាតេ ត្រីហើម ត្រីងៀត ប្រហិត ត្រី ឈាមជ្រូក សរសៃគុយទាវ មី ពពុះសណ្តែក បង្អែមលត បាញ់ឌុក ទំពាំងជូរ ស្ពៃជ្រក់ ដើម្បីរក្សាទុកបានយូរនៅតែស្រស់មិនងាយខូច បើបង្អែម គុយទាវ មី និងប្រហិតវិញ ដាក់ឱ្យស្វិតល្អ។ ប្រសិនបើលោកអ្នកនាងទទួលទានអាហារមានផ្ទុកសារធាតុប៉ូរាក់ ២ទៅ៤ម៉ោង នឹងមានអាការដូចជា ឈឺក្បាល ក្ដៅខ្លួន ចង្អោរ ក្អួរ និងក្រហមភ្នែក។ ករណីដែលបានទទួលទានអាហារមានសារធាតុប៉ូរាក់ ក្នុងបរិមាណច្រើន អាចធ្វើឱ្យខូចតម្រងនោម និងបាត់បង់ជីវិត៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ



