
អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ
សុខភាព៖ ការមករដូវយឺត មិនមែនសុទ្ធតែបញ្ជាក់ថា មានផ្ទៃពោះទេ។ ជាធម្មតាស្រ្តីមានវដ្ដរដូវមិនដូចគ្នាទេ។ វដ្ដរដូវធម្មតារបស់ស្រ្តី អាចមានចន្លោះពី២១ថ្ងៃ ទៅ៤០ថ្ងៃ តែបើមិនមករដូវក្នុងរយៈពេលនេះ គឺអាចបណ្តាលមកពីដើមហេតុធំៗ៤យ៉ាង ដែលមានដូចខាងក្រោម។

១.លេបថ្នាំពន្យាកំណើត៖ ការទទួលទានថ្នាំពន្យាកំណើត អាចប៉ះពាល់ដល់វដ្ដរដូវ ដោយសារថ្នាំទាំងនេះផ្ទុកអ័រម៉ូន Oestrogen ឬ Progestin ដែលរារាំងអូវែមិនឱ្យបញ្ចេញពង និងពន្យាការធ្លាក់មេជីវិត។ ចំពោះបញ្ហាសុខភាពរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម និងបញ្ហាក្រពេញទីរ៉ូអ៊ីត ក៏អាចប៉ះពាល់ដល់វដ្ដរដូវផងដែរ។ ២.ជំងឺគីសទឹកក្រពេញអូវែ៖ ជំងឺគីសទឹកក្រពេញអូវែ ក៏អាចពាក់ព័ន្ធនឹងការមករដូវមិនទៀង។ ស្ត្រីដែលប្រឈមនឹងជំងឺនេះ អាចមានអ័រម៉ូនភេទប្រុសច្រើនជ្រុល ក៏ដូចជាអាចមានគីសនៅលើអូវែ។ ស្ថានភាពនេះ អាចបណ្តាលឱ្យមានអតុល្យភាពអ័រម៉ូន ជាហេតុបង្កឱ្យប៉ះពាល់ដល់ការធ្លាក់មេជីវិតញី។

៣. ស្រ្តេស៖ ស្រ្តេសអាចផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃ រំខានដល់ដំណេក និងអាចប៉ះពាល់ដល់ផ្នែករបស់ខួរក្បាល ដែលមានតួនាទីគ្រប់គ្រងវដ្ដរដូវ។ ដូច្នេះស្រ្តេសជាកត្តាចម្បង ដែលនាំឱ្យស្រីៗមករដូវមិនទៀងទាត់។ ៤. ពិបាកក្នុងការបរិភោគអាហារ៖ ការប្រែប្រួលទម្ងន់ ក៏អាចប៉ះពាល់ដល់វដ្ដរដូវ។ អ្នកដែលមានមានវិបត្តិក្នុងការបរិភោគអាហារ ឬពិបាកទទួលទានអាហារ ងាយនឹងមករដូវមិនទៀងទាត់។ មួយវិញទៀត បើស្រកទម្ងន់ខ្លាំងពេក ក៏អាចធ្វើឱ្យការមករដូវយឺត ឬបញ្ឈប់ការមករដូវ ដោយសារតែមិនមានខ្លាញ់គ្រប់គ្រងក្នុងការធ្លាក់មេជីវិតញី៕



