
សុខភាព៖ ការទទួលទានអាហារទៀតទាត់ មិនត្រឹមតែជួយឱ្យមានសុខភាពល្អ ក៏ជួយស្បែកឱ្យមានសុខភាពភ្លឺថ្លា ថែមទាំងមិនចាំបាច់លាបឡេ។ ក្នុងរបបអាហារប្រចាំថ្ងៃ នារីៗគ្រប់រូប គួរទទួលទានអាហារទាំងបីប្រភេទដូចដែល SBM News រៀបរាប់ជូនខាងក្រោម...។

១.ទទួលទានវីតាមីន E៖ វីតាមីន E ជួយចិញ្ចឹមស្បែក ក៏ដូចជាកាត់បន្ថយការបំផ្លាញស្បែកពីកាំរស្មីយូវី។ វីតាមីន E សម្បូរនៅក្នុងគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ សណ្តែកដី គ្រាប់ផ្លែឈើ ផ្លែប័រ ស្ពៃពួយឡេង ប្រេងអូលីវ និងប្រេងផ្កាឈូករ័ត្ន។ ២.ពិសាវីតាមីន C៖ វីតាមីន C មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្តល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ ស្នាមជ្រីវជ្រួញ និងពន្យារភាពចាស់។ បន្លែដែលសម្បូរទៅដោយវីតាមីនមួយនេះ រួមមាន៖ ម្ទេសហាវៃ ប៉េងប៉ោះ ប្រូខូលី ផ្កាខាត់ណា ស្ពៃពួយឡេង ស្ពៃក្តោប ដំឡូងបារំាង និងសណ្តែកបារាំង។ រីឯផ្លែឈើដែលមានវីតាមីន C ខ្ពស់មានដូចជា ផ្លែប៉េស ត្រសក់ស្រូវផ្អែម ផ្លែឈើអម្បូរក្រូច ល្ហុង ស្រ្តបប័ររី គូលែន សារី ត្របែក គីវី និងម្នាស់។

៣.ទទួលទានទឹក៖ ការពិសាទឹកឱ្យបានគ្រប់គ្រាន់ នឹងជួយឱ្យស្បែកមានសំណើម។ កាត់បន្ថែមជាតិស្ករព្រោះ មានប្រតិកម្មជាមួយប្រូតេអ៊ីន ដោយជំរុញដំណើរការ glycation។ ដំណើរការនេះ ធ្វើឱ្យស្បែកជ្រីវជ្រួញ និងឆាប់ចាស់។ មួយទៀត ចៀសវាងអាហារបំពងក្នុងប្រេងមានសីតុណ្ហភាពខ្ពស់ នាំឱ្យបញ្ចេញរ៉ាឌីកាល់សេរី អាចបំផ្លាញកោសិកាស្បែក។ ការប៉ះពាល់រ៉ាឌីកាល់សេរី នឹងធ្វើឱ្យបង្កើនល្បឿនភាពចាស់នៃស្បែក ប៉ះពាល់ដល់ម៉ូលេគុល DNA និងធ្វើឱ្យភាពយឺតរបស់ស្បែកចុះខ្សោយ៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ



