
រាជធានីបាងកក៖ ថៃកំពុងបុកធ្វើទំនើបកម្មវិស័យយោធា តាមរយៈការបញ្ជាទិញសព្វាវុធទំនើបៗ និងប្រកាសរើសទាហាន ២៥០០០នាក់តាមអនឡាញ ឥឡូវនេះ សមាជិកអង្គការណាតូ គឺ ប្រទេសតួកគី បានបង្ហាញមហិច្ឆតាចង់ក្តោបក្តាប់កិច្ចព្រមព្រៀងលក់នាវាចម្បាំងធុនធ្ងន់ថ្នាក់ហ្វ្រ៊ីហ្គេត ឱ្យទៅកងទ័ពជើងទឹកភូមិន្ទថៃ ដោយផ្ដល់ជូននូវលក្ខខណ្ឌពិសេសមិនធ្លាប់មាន គឺការផ្ទេរបច្ចេកវិទ្យាផលិតឱ្យថៃទាំងស្រុងថែមទៀតផង...។

លោកស្រី ជូលីដេ កាយីហាន (Jülide Kayihan) ឯកអគ្គរដ្ឋទូតតួកគីប្រចាំប្រទេសថៃ បានប្រកាសដោយបើកចំហថា រដ្ឋធានីអង់ការ៉ា ចង់ពង្រីកចំណងមិត្តភាពយោធាយ៉ាងស៊ីជម្រៅជាមួយរាជធានីបាងកក បន្ទាប់ពីភ្ជាប់ទំនាក់ទំនងការពារជាតិជាមួយឥណ្ឌូណេស៊ី និងម៉ាឡេស៊ីរួចមក។ លោកស្រីបន្តថា ឧស្សាហកម្មការពារជាតិរបស់តួកគី ផលិតឧបករណ៍យោធាយ៉ាងសម្បូរបែប រួមមាន៖ នាវាចម្បាំង រថក្រោះ រថពាសដែក យន្តហោះចម្បាំង ប្រព័ន្ធការពារដែនអាកាស ដ្រូន និងមីស៊ីល។ ឧបករណ៍ទាំងនោះ ត្រូវបានដាក់ពង្រាយដោយកងទ័ពតួកគីផ្ទាល់ និងស្របតាមស្ដង់ដាររបស់អង្គការណាតូ ចាប់តាំងពីតួកគីជាសមាជិកនៃសម្ព័ន្ធភាពនេះ។

លោកស្រីឯកអគ្គរដ្ឋទូតតួកគី បន្ថែមថា កងទ័ពជើងទឹកភូមិន្ទថៃ កំពុងវាយតម្លៃលើសំណើសម្រាប់កម្មវិធីនាវាចម្បាំងថ្មី។ ទោះបីជារដ្ឋធានីអង់ការ៉ាសង្ឃឹមថា ក្រុមហ៊ុនតួកគីនឹងទទួលបានឱកាសសហការជាមួយយោធាថៃក៏ដោយ ក៏តួកគីគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរការសម្រេចចិត្តរបស់ប្រទេសថៃ។ ក្រុមហ៊ុនរដ្ឋការពារជាតិរបស់តួកគី ASFAT ជាបេក្ខភាពដេញថ្លៃមួយ បានផ្តល់សំណើក្នុងការសាងសង់នាវាចម្បាំងទាំងស្រុងនៅក្នុងប្រទេសថៃ ព្រមទាំងផ្ទេរអាជ្ញាបណ្ណរចនានាវាផងដែរ។ សំណើនេះ រួមបញ្ចូលទាំងការផ្ទេរបច្ចេកវិទ្យាទាំងស្រុង ដែលអនុញ្ញាតឱ្យថៃអាចសាងសង់នាវាប្រភេទនេះ ដោយខ្លួនឯងនៅថ្ងៃអនាគត។

ចំណែកឯក្រុមហ៊ុនដែលជាបេក្ខភាពដេញថ្លៃរបស់តួកគីមួយទៀត គឺ ក្រុមហ៊ុន TAIS បានស្នើឡើងនូវនាវាចម្បាំងប្រភេទ I-Class របស់ខ្លួន ដែលបច្ចុប្បន្នកំពុងបម្រើការក្នុងកងទ័ពជើងទឹកតួកគី។ ថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ី ក៏ទើបតែបានបញ្ជាទិញនាវាចម្បាំងប្រភេទ I-Class នេះ ចំនួន២គ្រឿងផងដែរ។ សូមជម្រាបថា ការប៉ុនប៉ងពង្រឹងសមត្ថភាពកងទ័ពជើងទឹក និងការទិញអាវុធធុនធ្ងន់របស់ថៃ នាពេលនេះ កើតឡើងស្របពេលដែលប្រទេសថៃបានបើកការឈ្លានពាន និងកាន់កាប់ជ្រៅដោយខុសច្បាប់ក្នុងដែនអធិបតេយ្យភាពកម្ពុជា។ ទោះបីជាភាគីតួកគីអះអាងថា ការផ្ដល់ជូននេះ ធ្វើឡើងដោយគ្មានការដាក់សម្ពាធ និងគោរពការសម្រេចចិត្តរបស់ថៃក៏ដោយ ប៉ុន្តែការគាំទ្រនៃបច្ចេកវិទ្យាយោធាកម្រិតខ្ពស់របស់តួកគីក្នុងប្រទេសថៃ ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្របង្កើនឥទ្ធិពលសព្វាវុធថៃឱ្យកានតែខ្លាំងថែមមួយកម្រិតទៀត ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិកម្ពុជា៕



