
រាជធានីភ្នំពេញ៖ ជាសារដ៏សំខាន់ និងពិសេសបំផុតមួយ ដែលឥណ្ឌាជូនដល់កម្ពុជា! ប្រទេសឥណ្ឌា តាមរយៈអនុព័ន្ធយោធាខ្លួនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសត្រៀមគាំទ្រពង្រឹងសមត្ថភាពកងទ័ពកម្ពុជា ព្រមទាំងគាំទ្រផ្នែកបច្ចេកវិទ្យា និងឧបករណ៍ទំនើបដល់វិស័យការពារជាតិកម្ពុជា។

តាមរយៈជំនួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា លោកវរសេនីយ៍ឯក អាឌីហ្សេក អារ៉ូរ៉ា (Adhishek Arora) នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បង្ហាញក្ដីរីករាយចំពោះការបំពេញបេសកកម្មការទូតយោធានៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជា-ឥណ្ឌា។ មន្រ្តីអនុព័ន្ធយោធារូបនេះ និយាយក្នុងនាមប្រទេសឥណ្ឌា និងបង្ហាញសមានចិត្តខ្ពស់ចំពោះកម្ពុជាថា ឥណ្ឌាស្វាគមន៍ និងត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ស្របតាមតម្រូវការជាក់ស្តែង។ លោកសង្កត់ធ្ងន់ថា៖«[..]ឥណ្ឌា ដែលមានភាពជឿនលឿនក្នុងឧស្សាហកម្មការពារជាតិ ក៏មានលទ្ធភាពគាំទ្រ[ដល់កម្ពុជា]លើបច្ចេកវិទ្យា និងឧបករណ៍ទំនើប ដូចជាឧបករណ៍ដោះមីន និងដ្រូនស៊ើបការណ៍ជាដើម»។ ជាមួយគ្នា មន្រ្តីយោធាឥណ្ឌារូបនេះ ក៏បានកោតសរសើរចំពោះសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការចូលរួមសមយុទ្ធរួមទាំងពីរលើក ដែលទទួលបានលទ្ធផលល្អប្រសើរ។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធទ្វេភាគីកម្ពុជា-ឥណ្ឌាលើកទី២ ក្នុងឆ្នាំ២០២៦ ដែលបានរួមចំណែកពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២។ លោក ស្នើភាគីឥណ្ឌា បន្តគាំទ្រការបណ្ដុះបណ្ដាលកងទ័ពកម្ពុជា ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មាន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការដោះមីន កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការធ្វើសមយុទ្ធរួម និងការចូលចតនាវា។ ទន្ទឹមគ្នា មេទ័ពកម្ពុជាសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះភាគីឥណ្ឌា ដែលបានបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ខ្លឹមសារនៃជំនួបរវាងមេទ័ពកម្ពុជា និងអនុព័ន្ធយោធាឥណ្ឌ ត្រូវបង្ហោះលើទំព័រហ្វេសប៊ុកអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

សាររបស់ឥណ្ឌាខាងលើ គឺស្រដៀងនឹងសាររបស់រុស្ស៊ីដែរ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីគោលនយោបាយការបរទេសរុស្ស៊ី នៅថ្ងៃទី២៥ ខែមិថុនាថ្មីៗនេះ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ប្រកាសសារដ៏ពិសេសមួយថា រុស្ស៊ី ដែលជាប្រទេសមហាអំណាច និងមានលទ្ធភាពច្រើន កំពុងពិនិត្យមើលលទ្ធភាពជួយពង្រឹងវិស័យយោធាកម្ពុជាឱ្យរឹងមាំ ដើម្បីការពារទឹកដី៕








