
រាជធានីភ្នំពេញ៖ សមយុទ្ធរវាងកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា នឹងប្រព្រឹត្តទៅលើកទឹកដីកម្ពុជា នៅខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ ប្រតិបត្តិការប្រឆាំងភេរវកម្ម។ នេះបើយោងតាមការប្រកាសរបស់កងទ័ពជើងគោកកម្ពុជា…។

កាលពីថ្ងៃទី២ និងទី៣ ខែមេសា លោកឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកសាធារណរដ្ឋឥណ្ឌា ដឹកនាំដឹកនាំដោយ លោកវរសេនីយ៍ឯក ជេន សាលីន (SACHIN JAIN) បានបើកកិច្ចប្រជុំរួមគ្នាចុងក្រោយ ដើម្បីពិនិត្យទីតាំងនៃលំហាត់ហ្វឹកហ្វឺនCINBAXលើកទី២នេះ។ កម្ពុជា-ឥណ្ឌា ក៏ធ្លាប់បានធ្វើសមយុទ្ធយោធាជាមួយគ្នាម្ដងរួចមកហើយ នៅលើទឹកដីឥណ្ឌា កាលពីអំឡុងឆ្នាំ២០២៤។

កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងការទូត និងនយោបាយល្អជាមួយគ្នាជាង៧០ឆ្នាំមកហើយ(ចាប់តាំងពីឆ្នាំ១៩៥២) ហើយថ្មីៗនេះ ប្រទេសទាំងពីរបានប្តេជ្ញាបន្តជំរុញការពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្នុងទំនាក់ទំនងនៅលើផ្លូវរួមជាមួយកម្ពុជា ប្រទេសឥណ្ឌាបានជួយកម្ពុជា លើការបណ្ដុះបណ្ដាលអភិវឌ្ឍធនធានមនុស្ស ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព មួកខៀវមកកម្ពុជា គម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាដើម។ ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដ៏យូរអង្វែង បានក្លាយទៅជាទំនាក់ទំនងដែលស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម៕





