
រាជធានីភ្នំពេញ៖ កម្ពុជា-ឥណ្ឌា សហការគ្នាជំរុញវិស័យទេសចរណ៍ រួមទាំងជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងបេងហ្កាលូរូ (Bengaluru)។ នេះបើតាមការផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចសហការនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កាថិក ថលឡាំ (Karthik Tallam) កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងបេងហ្កាលូរូ រដ្ឋកាណាតាកា (Karnataka) នៃសាធារណរដ្ឋឥណ្ឌា កាលពីរសៀលថ្ងៃទី២១កុម្ភៈ។ គួរជម្រាបថា ក្នុងវិស័យការទូត ជួនកាល ប្រទេសមួយ ជ្រើសរើសយកជនជាតិជាម្ចាស់ប្រទេស ធ្វើជាកុងស៊ុលកិត្តិយស ដូចករណីកម្ពុជា យកលោក កាថិក ថលឡាំ ជនជាតិឥណ្ឌា ធ្វើជាកុងស៊ុលកិត្តិយសកម្ពុជា។ ក្នុងជំនួប លោក កាថិក ថលឡាំ ប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុងបេងហ្កាលូរូ និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។

លោកក៏បានបញ្ជាក់ពីការពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋកាណាតាកា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្រោមក្របខ័ណ្ឌកិច្ចព្រមពៀងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋកាណាតាកា ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ២០២៥ ជាពិសេស កិច្ចប្រឹងប្រែងរួមគ្នាជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo Airlines ហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងបេងហ្កាលូរូ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាឱ្យកាន់តែច្រើន។

លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់លោក កាថិក ថលឡាំ កុងស៊ុលកិត្តិយស ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពវិនិយោគកម្ពុជានៅប្រទេសឥណ្ឌា រួមទាំងគំនិតផ្តួចផ្តើមដ៏ល្អនាពេលនេះដែលពិតជាជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។ លោកស្នើបន្ថែមឱ្យលោកកុងស៊ុលកិត្តិយស បន្តជួយផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា ដល់ប្រជាពលរដ្ឋនិងវិនិយោគិនឥណ្ឌា៕



