កម្ពុជាបុកហ្វឹកហ្វឺនស.ង្គ្រា.មព្រៃភ្នំ ក្នុងសមយុទ្ធយោធាពហុភាគីនៅប្រទេសឥណ្ឌា ចំពេលរងការគំរាមកំហែងពីចោរឈ្លានពាន
ហៀប ស៊ីថេត
21 ឧសភា 2026 09:45 AM

រាជធានីភ្នំពេញ៖ កងទ័ពកម្ពុជា បានចូលរួមក្នុងសមយុទ្ធយោធាពហុភាគីដ៏ធំមួយ ដែលមានឈ្មោះថា «PRAGATI 2026» ដែលបានចាប់ផ្តើមក្នុងរដ្ឋមេហ្គាឡាយ៉ា(Meghalaya) នៃប្រទេសឥណ្ឌា ដោយសមយុទ្ធនេះ នឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងតំបន់ព្រៃភ្នំ ការហ្វឹកហ្វឺនយុទ្ធវិធី និងប្រតិបត្តិការរួមគ្នា។ ការចូលរួមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ និងការត្រៀមលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខក្នុងតំបន់ ខណៈយោធាថៃឈ្លានពានតែងសង្កៀតធ្មេញញេញចង្កូមដាក់កម្ពុជាស្ទើរគ្រប់វិនាទី...។

យោងតាមការប្រកាសពីក្រសួងការពារជាតិឥណ្ឌា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាមិត្តទាំង១២ ដែលបានបញ្ជូនកងទ័ពទៅចូលរួមក្នុងព្រឹត្តិការណ៍សមយុទ្ធនេះ ដោយក្នុងនោះរួមមាន៖ ប៊ូតង់ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សឺស៊ែល ស្រីលង្កា និងវៀតណាម។ សមយុទ្ធនេះ គឺមានសារសំខាន់ណាស់សម្រាប់កងទ័ពកម្ពុជា ក្នុងការផ្លាស់ប្ដូរចំណេះដឹងផ្នែកយោធាកម្រិតអាជីព ក៏ដូចជារៀនសូត្រពីបទពិសោធជាក់ស្តែងពីគ្នាទៅវិញទៅមក ជាពិសេសគឺជាមួយកងទ័ពឥណ្ឌា និងបណ្តាប្រទេសក្នុងតំបន់ ក្នុងគោលបំណងកសាងទំនាក់ទំនងយោធានិងយោធាឱ្យកាន់តែជិតស្និទ្ធ។

នៅក្នុងសុន្ទរកថាបើកសមយុទ្ធ លោក ស៊ូនីល ស៊ូរ៉ាន់ (Sunil Sheoran) សេនាធិការរងថ្មើរជើងនៃកងទ័ពជើងគោកឥណ្ឌា បានថ្លែងការណ៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់យោធាកម្ពុជា និងបណ្តាប្រទេសទាំងអស់ថា៖«ការរួមគ្នារបស់យើងទាំងអស់គ្នា គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខនាពេលបច្ចុប្បន្ន»។ សូមជម្រាបថា សមយុទ្ធនេះមានរយៈពេល២សប្តាហ៍ ហើយកងកម្លាំងកម្ពុជានឹងត្រូវឆ្លងកាត់ការហ្វឹកហ្វឺនយ៉ាងស្វិតស្វាញ ដោយផ្តោតសំខាន់លើប្រតិបត្តិការប្រឆាំងអំពើភេរវកម្មនៅក្នុងភូមិសាស្ត្រតំបន់ពាក់កណ្តាលភ្នំ និងតំបន់ព្រៃក្រាស់។ កម្មវិធីហ្វឹកហ្វឺនរួមមាន៖ ការរៀបចំផែនការរួមគ្នា ក្នុងការពង្រឹងសមត្ថភាពបញ្ជាការ និងរៀបចំពង្រាយទ័ព, ការធ្វើសមយុទ្ធយុទ្ធសាស្ត្រ លើការបង្កើនភាពរហ័សរហួន និងការយល់ដឹងពីល្បិចកលលើសមរភូមិ, និងការសម្របសម្រួលប្រតិបត្តិការរួមគ្នា ក្នុងការបង្កើនកិច្ចសហការគ្នាយ៉ាងរលូនរវាងកងទ័ពកម្ពុជា និងកងទ័ពបរទេស។

គួរបញ្ជាក់ថា មេរៀន និងលំហាត់ជាក់ស្តែងទាំងអស់នេះ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីជួយជំរុញសមត្ថភាពបត់បែន ភាពអត់ធ្មត់ និងបង្កើនជំនាញយុទ្ធសាស្ត្ររបស់កងទ័ពកម្ពុជា និងប្រទេសទាំង១១ផ្សេងទៀត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារបូរណភាពទឹកដី និងចូលរួមថែរក្សាសន្តិភាពនៅក្នុងតំបន់។ សូមជម្រាបថា ការឈានជើងចូលរួមក្នុងសមយុទ្ធពហុភាគីថ្មីពីសំណាក់យោធាកម្ពុជា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំងនៃកងទ័ពជើងគោកឥណ្ឌា ទើបតែបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅវិញ ក្រោយពីបានបិទបញ្ចប់សមយុទ្ធទ្វេភាគី «CINBAX II ឬ អ្នកចម្បាំងសន្តិភាព» ជាមួយកងទ័ពជើងគោកកម្ពុជា ដោយជោគជ័យ។ នេះសបង្ហាញឱ្យឃើញថា កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-ឥណ្ឌា កំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ស្របពេលប្រទេសកម្ពុជាកំពុងរងនូវការឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត