កម្ពុជា-ឥណ្ឌា បិទបញ្ចប់សមយុទ្ធរួមគ្នា CINBAX-II ប្រកបដោយជោគជ័យ ក្រោយហ្វឹកហ្វឺនអស់រយៈពេល១៤ថ្ងៃ
N
Nary Vann
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ កងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ និងកងទ័ពជើងគោកឥណ្ឌា បានប្រកាសបិទបញ្ចប់សមយុទ្ធយោធារួមគ្នាជាទ្វេភាគីលើកទី២ ក្រោមឈ្មោះថា «CINBAX-II 2026» ប្រកបដោយជោគជ័យ និងទទួលបានបទពិសោធថ្មីលើវិស័យការពារជាតិ ស្របពេលដែលសង្គ្រាមនៅជុំវិញសកលលោក មានភាពទំនើបកម្មជាខ្លាំង...។

ពិធីបិទសមយុទ្ធនេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធម កាលពីចុងសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពអាកាសតេជោសែន ភ្នំធំម្រះព្រៅ បន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរបានបង្ហូរញើសរួមគ្នា ក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតដូចក្នុងសមរភូមិប្រយុទ្ធជាក់ស្តែង អស់រយៈពេល១៤ថ្ងៃពេញ។ សមយុទ្ធយោធារួមគ្នាដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៦ ខែឧសភា មិនមែនជាការហ្វឹកហាត់ធម្មតាៗនោះឡើយ ប៉ុន្តែវាជាការដុសខាត់សមត្ថភាពយោធាពិតៗ ក្រោមឆ័ត្រនៃអាណត្តិរបស់អង្គការសហប្រជាជាតិ (UN Mandate)។ ក្រុងយោធាកម្ពុជា និងឥណ្ឌា បានផ្លាស់ប្ដូរបទពិសោធឱ្យគ្នាទៅវិញទៅមក និងបំពាក់បំប៉នស្មារតីហ្វឹកហ្វឺនក្បួនយុទ្ធសាស្ត្រសង្គ្រាមបច្ចេកវិជ្ជាសម័យទំនើប ក៏ដូចជាសមយុទ្ធបង្ក្រាបឧក្រិដ្ឋកម្មសង្គ្រាម និងអនឡាញផងដែរ។ ការបង្វឹកអំពីឧបករណ៍ដ្រូនឈ្លបយកការ, ការហ្វឹកហ្វឺននៃក្រុម Sniper (បាញ់ស៊ីប) និងប្រតិបត្តិការបង្ក្រាប, ប្រតិបត្តិការប្រយុទ្ធ ត្រូវបានយោធាប្រទេសទាំងពីរហ្វឹកហ្វឺនប្រយុទ្ធរួមគ្នាបានយ៉ាងល្អបំផុត។

សូមជម្រាបផងដែរថា សមយុទ្ធយោធារួមគ្នាទ្វេភាគី លើកទី២ ក្រោមឈ្មោះថា «CINBAX-II 2026» នេះ កងទ័ពកម្ពុជាបានបញ្ជូនយោធិនចំនួន១៦០នាក់ និងកងទ័ពឥណ្ឌាមានចំនួន១២០នាក់ (មកពីវរសេនាតូចនៃកងវរសេនាធំថ្មើរជើងស្រាល Maratha) បានរួមដៃគ្នាយ៉ាងស្អិតល្មួតក្នុងការរៀបចំផែនការ និងអនុវត្តយុទ្ធសាស្ត្រប្រយុទ្ធក្នុងបរិបទសង្គ្រាមសម័យទំនើប។ ក្នុងនោះ រួមមាន៖ ទាំងការហ្វឹកហ្វឺនបាញ់កាំភ្លើងស៊ីប (Sniper) ការប្រើប្រាស់កាំភ្លើងត្បាល់ យុទ្ធសាស្ត្រវាយលុកក្នុងទីប្រជុំជន និងអ្វីដែលពិសេសបំផុតនោះ គឺការប្រើប្រាស់ដ្រូនយុទ្ធសាស្ត្រ (Tactical Drones) និងប្រព័ន្ធប្រឆាំងដ្រូន ដែលជាអាវុធដ៏មានឥទ្ធិពលក្នុងសមរភូមិនាពេលបច្ចុប្បន្ន។

ជុំវិញភាពជោគជ័យនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោក វ៉ាន់ ឡាវ៉ាវណា បាវិតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដោយបានវាយតម្លៃថា សមយុទ្ធ CINBAX-II មិនត្រឹមតែជាការផ្លាស់ប្ដូរបទពិសោធយោធា និងការបង្កើនសមត្ថភាពប្រយុទ្ធរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពី «ទំនុកចិត្តយុទ្ធសាស្ត្រ» និងសម្ព័ន្ធភាពដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌា ដែលមានប្រវត្តិទំនាក់ទំនងវប្បធម៌ និងអរិយធម៌រាប់ពាន់ឆ្នាំមកហើយ។ យោងតាមព័ត៌មានចុងក្រោយ កងទ័ពឥណ្ឌា បានធ្វើដំណើរចាកចេញពីទឹកដីកម្ពុជាវិញហើយ កាលពីព្រឹកថ្ងៃចន្ទទី១៨ឧសភានេះ ជាមួយនឹងស្នាមញញឹម និងក្ដីសង្ឃឹមក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅថែមទៀតនៅថ្ងៃអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត