
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យលោក Wang Xiangdong ប្រធានក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) បន្តពិនិត្យលទ្ធភាព ក្នុងការពង្រីកឱកាសវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា...។

លោក ស៊ុន ចាន់ថុល ព្រមទាំងបានលើកទឹកចិត្តឱ្យលោក Wang Xiangdong បណ្តាក់ទុនលើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយលោក Wang Xiangdong កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ក្នុងឱកាសបន្តបំពេញទស្សនកិច្ចការងារ ក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

លោក Wang Xiangdong បានជម្រាបជូនលោក ស៊ុន ចាន់ថុល ថា ក្រុមហ៊ុន CCECC ជាសហគ្រាសរដ្ឋខ្នាតធំមួយរបស់ចិន មានជំនាញនិងបទពិសោធខ្ពស់ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមមាន៖ ការសាងសង់ស្ពាន ផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងតំបន់សួនឧស្សាហកម្មជាដើម។ លោកក៏បានជម្រាបពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍនៅកម្ពុជា ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន ដែលក្រុមហ៊ុនកំពុងសហការយ៉ាងសកម្មជាមួយភាគីកម្ពុជា ហើយឈានទៅបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនាពេលខាងមុខ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានប្រកាសស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន CCECC ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា។ លោកគូសបញ្ជាក់ថា ភាគីកម្ពុជាកំពុងរង់ចាំពិនិត្យមើលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុនដែលនឹងត្រូវដាក់ជូននាពេលខាងមុខ ដើម្បីធ្វើការវាយតម្លៃមុននឹងបន្តជំហានបន្ទាប់៕




