ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល លើកទឹកចិត្តវិនិយោគិន ចាប់យកកាលានុវត្តវិនិយោគនៅកម្ពុជាឱ្យបានឆាប់រហ័ស
S
Soriya Sou
05 មីនា 2026 11:30 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនទាំងជាតិ-អន្តរជាតិ ចាប់យកកាលានុវត្តវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានឆាប់រហ័ស ដើម្បីទទួលបានអត្ថប្រយោជន៍ និងផលចំណេញ...។

ថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលមានការចូលរួមពីក្រុមហ៊ុនជាតិ និងអន្តរជាតិជាង៣០០ក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជិត៧០០នាក់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី លើកឡើងពីកត្តាសំខាន់ៗ ដែលវិនិយោគិនទទួលបានពេលចាប់យកឱកាសវិនិយោគនៅកម្ពុជា។ ក្នុងនោះ រាជរដ្ឋាភិបាលនឹងជួយគាំទ្រដល់វិស័យឯកជន, កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគបើកទូលាយរបស់កម្ពុជា ដែលកត្តាទាំងនេះ បានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពលមួយ។

បន្ថែមពីនេះ តាមរយៈការគាំទ្រពីកំណែទម្រង់គោលនយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជាអាចផ្ដល់ជូនវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីសារសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការកាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រីកឱកាសសម្រាប់សហគ្រាស និងការប្រែក្លាយភូមិសាស្ត្រទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត