គ្រប់មុខទំនិញ រួមទាំងរថយន្តមួយទឹកពីសហរដ្ឋអាម៉េរិក នឹងត្រូវនាំចូលមកកម្ពុជាក្នុងអត្រាពន្ធ០ភាគរយ
S
Soriya Sou
01 សីហា 2025 11:00 AM

រាជធានីភ្នំពេញ៖ ក្រោយកិច្ចព្រមព្រៀងអត្រាពន្ធគយបដិការថ្មីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ចូលជាធរមាន មុខទំនិញរបស់កម្ពុជាដែលនាំចូលទៅសហរដ្ឋអាម៉េរិកនឹងត្រូវជាប់ពន្ធ១៩ភាគរយ ខណៈគ្រប់ទំនិញទាំងអស់របស់អាម៉េរិក បូករួមទាំងរថយន្តមួយទឹកផងនោះ នឹងត្រូវនាំចូលមកកម្ពុជាដោយមិនគិតពន្ធឡើយ។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…។

រូបតំណាង
រូបតំណាង

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី១សីហានេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា អត្រាពន្ធ១៩ភាគរយដែលកម្ពុជាទទួលបានពីសហរដ្ឋអាម៉េរិក បានមកពីសន្លឹកបៀចុងក្រោយដែលកម្ពុជាបានផ្អឹបទុក ដើម្បីចរចាបន្ថែមជាមួយអាម៉េរិក។ លោកថា សន្លឹកបៀសំខាន់ចុងក្រោយដែលកម្ពុជា បានបញ្ជូនទៅអាម៉េរិក កាលពីថ្ងៃទី១៦កក្កដាកន្លងទៅ គឺកម្ពុជាបានសម្រេចទម្លាក់ពន្ធលើគ្រប់មុខទំនិញទាំងអស់របស់អាម៉េរិក ដែលនាំចូលមកកម្ពុជាមកនៅត្រឹមសូន្យភាគទាំងអស់។ «បន្ទាត់ពន្ធនៅកម្ពុជាមានជាង១ម៉ឺន១ពាន់បន្ទាត់ អ៊ីចឹង បន្ទាត់ហ្នឹងពីដើមមានខ្លះ៣៥ភាគរយ ខ្លះ៥ភាគរយ ខ្លះទៀត៧ភាគរយ ឥឡូវបញ្ចុះមកសូន្យទាំងអស់ ក្នុងនោះក៏មានរថយន្តមួយទឹកដែរ ពោលគឺឱ្យតែទំនិញនាំចូលពីសហរដ្ឋអាម៉េរិកមកកម្ពុជា គឺអត្រាពន្ធសូន្យ»។

លោក ស៊ុន ចាន់ថុល​ អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក ស៊ុន ចាន់ថុល​ អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

សូមជម្រាបថា សហរដ្ឋអាម៉េរិកកាលពីដើមខែមេសា ឆ្នាំ២០២៥ បានប្រកាសគិតពន្ធលើទំនិញនាំចូលពីកម្ពុជាក្នុងអត្រា៤៩ភាគរយ ហើយក្រោយមានការចរចាគ្នា ថ្ងៃទី៧កក្កដាកន្លងទៅ មហាអំណាចមួយនេះ បានប្រកាសគិតពន្ធលើទំនិញកម្ពុជា៣៦ភាគរយ។ រហូតមកដល់ព្រឹកថ្ងៃទី១សីហានេះ អាម៉េរិកបានផ្លាស់ចិត្តយកពន្ធពីកម្ពុជាត្រឹម១៩ភាគរយវិញ។ ការទម្លាក់ពន្ធជូនកម្ពុជាជាថ្មីម្ដងទៀត កើតមានឡើង ក្រោយមានការចរចាជាបន្តបន្ទាប់ពីមន្រ្តីជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោកស្រី ចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្ម និងក្រោយការសន្ទនាតាមទូរសព្ទរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៨កក្កដាកក្កដាកន្លងទៅថ្មីៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក

លោក ស៊ុន ចាន់ថុល បានបង្ហាញក្ដីជឿជាក់ថា អត្រាពន្ធថ្មីនេះមិនត្រឹមតែអាចរក្សាបានវិនិយោគិនកុំឱ្យរើទីតាំងចេញកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនគម្រោងវិនិយោគជាច្រើនទៀតនៅកម្ពុជា ចូលរួមបង្កើតឱកាសការងារបានរាប់សិបម៉ឺនកន្លែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត