ព្រែកជីកហ៊្វូណន៖ មន្រ្តីអះអាងថា ៤០០ផ្ទះ នឹងត្រូវរើចេញ ឯជាង១៩០០ផ្ទះ ប៉ះពាល់ត្រឹមផ្នែកខ្លះ
Mao Sopha
02 តុលា 2024 03:00 PM

រាជធានីភ្នំពេញ៖ ក្រោយចុះទៅសិក្សាលម្អិត ក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រកឃើញថា ផ្ទះរបស់ប្រជាជន ដែលនឹងត្រូវរងការប៉ះពាល់ដោយសារគម្រោងព្រែកជីកហ៊្វូណនតេជោ មានជាង២៣០០ផ្ទះ ឬជាង២៣០០គ្រួសារ ដោយក្នុងនោះ មានប្រជាជនសរុបជាង១,១ម៉ឺននាក់។ ក្នុងចំណោមផ្ទះជាង២៣០០នោះ មាន៤០០ផ្ទះ នឹងត្រូវប៉ះពាល់ទាំងស្រុង ហើយជាង១៩០០ផ្ទះទៀត គ្រាន់តែប៉ះពាល់ផ្នែកខ្លះប៉ុណ្ណោះ។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ក្រសួងសាធារណការ បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃការចុះសិក្សានេះ។

លោក ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី និងសារព័ត៌មានវីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ 
លោក ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី និងសារព័ត៌មានវីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ បង្ហាញថា ការប៉ះពាល់ផ្នែកខ្លះ ទៅលើលំនៅឋានជាង១៩០០នោះ មានដូចជា ដំបូល ជញ្ជាំង អណ្តូងទឹក ឬជម្រកសត្វចិញ្ចឹម ជាដើម។ រីឯលំនៅឋានទាំង៤០០ដែលប៉ះពាល់ទាំងស្រុង ត្រូវលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការ អះអាងថា នឹងត្រូវរើចេញតែម្តង (ក្រោយទទួលបានសំណងរួច)។ ការអះអាងរបស់លោកធ្វើឡើងនៅចំពោះមុខអ្នកកាសែតនៃវិទ្យុអាស៊ីសេរី និងអ្នកកាសែតនៃសារព័ត៌មានវីអូអេ ដែលស្កាត់ទៅជួបលោក កាលពីថ្ងៃទី១តុលា ខណៈលោកកំពុងបំពេញបេសកកម្មនៅសហរដ្ឋអាម៉េរិក។

បន្លាយទឹកដែលស្ថិតក្នុងគម្រោងព្រែកជីកហ៊្វូណនតេជោ
បន្លាយទឹកដែលស្ថិតក្នុងគម្រោងព្រែកជីកហ៊្វូណនតេជោ

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងសាធារណការ វាយតម្លៃថា គម្រោងព្រែកជីកហ៊្វូណន ពុំប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងប្រជាជនឡើយ។ ទាំងលោក ស៊ុន ចាន់ថុល ទាំងសេចក្តីប្រកាសព័ត៌មាន អះអាងដូចគ្នាថា រាជរដ្ឋាភិបាល មិនទាន់បានកាត់យកដីរបស់ប្រជាជនណាម្នាក់ សម្រាប់កសាងគម្រោងព្រែកជីកហ៊្វូណននៅឡើយទេ។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ចំណុចមួយទៀតថា ក្រសួងសេដ្ឋកិច្ច កំពុងរៀបចំផែនការវាយតម្លៃ ដើម្បីអាចធានាថា មិនមានប្រជាជនណាម្នាក់ដែលរងគ្រោះ មិនទទួលបានសំណងនោះទេ។ លោក ស៊ុន ចាន់ថុល ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ទទួលបន្ទុកសិក្សាលើគម្រោងព្រែកជីកហ៊្វូណនដែរនោះ បញ្ជាក់បន្ថែមថា ថ្វីបើបើកការដ្ឋានសាងសង់ហើយក្តី តែមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់ធ្វើអ្វីឡើយលើគម្រោងព្រែកជីកហ៊្វូណន លុះត្រាតែដោះស្រាយផលប៉ះពាល់ជូនប្រជាជនជាមុនសិន។ លោកប្រាប់ប្រជាជនកុំឱ្យបារម្ភថា រាជរដ្ឋាភិបាល មិនយកដីប្រជាជន ដោយមិនបង់ប្រាក់ទៅតាមតម្លៃទីផ្សារឡើយ។ លោកថ្លែងដូច្នេះថា៖«រាជរដ្ឋាភិបាលយើង ធ្វើត្រឹមត្រូវណាស់ [ចំពោះ] គម្រោងនេះ»។  

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំលើគម្រោងព្រែកជីកហ៊្វូណតេជោ កាលពីចុងខែកក្កដា ឆ្នាំ២០២៤។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំលើគម្រោងព្រែកជីកហ៊្វូណតេជោ កាលពីចុងខែកក្កដា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ព្រែកជីកហ៊្វូណន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ព្រែកជីកនេះ មានប្រវែងបណ្តោយ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ស្ថិតក្នុងខេត្តកណ្តាល រហូតដល់សមុទ្ទខេត្តកែប ដោយឆ្លងកាត់ខេត្ត៤ គឺកណ្តាល តាកែវ កំពត និងកែប។ ចំណែកទទឹងវិញ មានប្រវែងពី៨០ទៅ១០០ម៉ែត្រ និងជម្រៅមាន៥,៤ម៉ែត្រ។ គម្រោងជីកព្រែកនេះ នឹងត្រូវប្រើពេល៤ឆ្នាំ ដើម្បីអាចបញ្ចប់ ដោយចាប់ផ្តើមពីចុងឆ្នាំ២០២៤នេះទៅ ហើយថវិកាដែលត្រូវចំណាយ មានប្រមាណ១,៧ពាន់លានដុល្លារឯណោះ។ ព្រែកជីកនេះ ត្រូវគេមើលឃើញថា នឹងផ្តល់ភាពងាយស្រួលក្នុងការនាំទំនិញទៅមករវាងកម្ពុជានិងប្រទេសដទៃតាមផ្លូវទឹក ហើយនឹងជួយបន្ថយតម្លៃបានច្រើនក្នុងការដឹកជញ្ជូន។ រាជរដ្ឋាភិបាល ប្រកាសកន្លងមកថា ព្រែកជីកនេះ នឹងអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានដង្ហើមដកខ្លួនឯង ដោយលែងផ្អែកលើដង្ហើមគេទៀតហើយ៕

ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ៊្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ៊្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត