
ក្រុងសៀមរាប៖ សត្វទោចមកុដក្នុងព្រៃអង្គរ កើតបានកូនមួយក្បាលទៀត ធ្វើឱ្យកំណើនសត្វនេះមានចំនួនសរុប១៥ក្បាល។ នេះបើយោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣០មិថុនា…។

លោក និក ម៉ាក អ្នកជំនាញរបស់អង្គការគាំពារសត្វព្រៃកម្ពុជា (CWC) និងជាទីប្រឹក្សាផ្នែកជីវចម្រុះរបស់អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា កូនទោចថ្មីនេះ កើតនៅកំលុងខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានដាក់ឈ្មោះឱ្យថា «រៃ»។ បារបស់វាឈ្មោះ បារាយណ៍ ហើយមេរបស់វាឈ្មោះ សារ៉ានិច ដែលធ្លាប់កើតកូនចំនួន២ក្បាលរួចមកហើយ ទី១.ឈ្មោះកន្ទេះឡង់ និងទី២.ឈ្មោះ ក្តាមទូក។ លោក និក ម៉ាក សូមអំពាវនាវដល់ពលរដ្ឋទាំងអស់កុំឱ្យចំណី និងលេងជាមួយសត្វព្រៃ ដោយទុកឱ្យវារស់នៅដោយរបៀបរបស់វា។ លោកមិនគាំទ្រចំពោះបុគ្គលមួយចំនួនដែលយកសត្វព្រៃមកចិញ្ចឹមនៅតាមផ្ទះ ដោយលោកយល់ថា កំពុងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងផ្លាស់ប្តូរធម្មជាតិរបស់សត្វ។

លោក មឿន សារិន្ទ អ្នកថែអ្នកថែទាំ និងដាក់ចំណីឱ្យសត្វទោចមកុដក្នុងព្រៃអង្គរ បានគូសបញ្ជាក់ដែរថា ក្នុងមួយថ្ងៃលោកនិងកូនប្រុស ដាក់ចំណីចំនួន២ដងគឺនៅពេលព្រឹក និងរសៀល។ ក្រៅពីដាក់ចំណី លោកក៏ត្រូវតាមដានពីសុខទុក្ខរបស់សត្វទាំងនោះដូចជាកន្លែងរស់នៅ ឥរិយាបថរបស់ពួកវា និងពិនិត្យក្រែងវាមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ លោកបន្ថែមថា អាហារដែលសត្វទោចសុី ជាប្រចាំមានផ្លែឈើចម្រុះរួមមាន ចេក សាវម៉ាវ ល្ហុង និងផ្លែឈើតាមរដូវកាល ដោយការដាក់ចំណីត្រូវ ចងដាក់លើក្តារទាញទៅលើឱ្យខ្ពស់បន្តិចបង្ការកុំឱ្យចុះដីខ្លាចសត្វឆ្កែខាំ។ សូមរំឭកថា អាជ្ញាធរជាតិអប្សរា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីឆ្នាំ២០១៣ បានសហការគ្នា យកសត្វទោចមកលែងនៅក្នុងឧទ្យានអង្គរ ជាបន្តបន្ទាប់មានចំនួន៤គូរ ហើយបង្កើតកូនបានចំនួន៧ក្បាលហើយ គិតមកទល់ពេលនេះ៕





