
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Hadid International Services (HADID) ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវាកម្មគាំទ្រអាកាសចរណ៍អន្តរជាតិ មានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ សហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម បានបង្ហាញចំណាប់អារម្មណ៍ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងសិក្សាលទ្ធភាពពង្រីកសេវាកម្មអាកាសចរណ៍មកកាន់ប្រទេសកម្ពុជា..។

តាមរយៈជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី អៃដា អ៊ិស្ម៊ែល (Aida Ismail) នាយិកាប្រចាំតំបន់ និងជាតំណាងក្រុមហ៊ុន HADID បានបញ្ជាក់ពីបំណងចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈបណ្តាញដៃគូអន្តរជាតិ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងការបោះពុម្ពសៀវភៅជាង៣០ដល់៥០ភាសា ដើម្បីលើកកម្ពស់ការស្គាល់កម្ពុជានៅលើឆាកអន្តរជាតិ។ ទន្ទឹមគ្នា ក្រុមហ៊ុនក៏បានបង្ហាញពីផែនការសិក្សាលទ្ធភាពពង្រីកសេវា Jet Charter និង MEDEVAC នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក ហួត ហាក់ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយបានស្នើឱ្យរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) សម្រាប់ភ្ញៀវទេសចរ វិនិយោគិនពីសហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ា ព្រមទាំងសិក្សាលទ្ធភាពបើកជើងហោះហើរត្រង់ ឬជើងហោះហើរឯកជនបន្ថែមមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងBusiness Aviation។ បន្ថែមលើនេះ លោករដ្ឋមន្ត្រី ស្នើឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយវីដេអូ និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍កម្ពុជា តាមបណ្តាញផ្សព្វផ្សាយរបស់ខ្លួន រួមទាំង Showroom បណ្តាញសង្គម និងអេក្រង់ក្នុងយន្តហោះ ដើម្បីគាំទ្រយុទ្ធនាការ«ទស្សនាកម្ពុជា នារដូវបៃតង» និងលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។ ដ្បិតរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាប្រមាណ១២០០នាក់ បង្ហាញពីសក្តានុពលនៃទីផ្សារទេសចរណ៍នេះ៕






