កុំភ្លេចទៅចូលរួម! ពិព័រណ៍«ពន្លកបៃតង» នឹងមានចែកកូនឈើច្រើនប្រភេទដោយឥតគិតថ្លៃ
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីនៅភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងមុខទីស្តីការក្រសួង…។

មន្រ្តីបរិស្ថាន គូសបញ្ជាក់ថា ក្រសួង អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សមាគមយុវជន វិស័យឯកជន និងសហគមន៍មូលដ្ឋាន មកពីបណ្តាខេត្តនានា និងរាជធានីភ្នំពេញ នឹងតាំងបង្ហាញអំពីសមិទ្ធផល និងផលិតផលខ្មែរផ្សេងៗ។លើសពីនេះ ក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិន អ្នកជំនាញ ខាងបណ្តុះកូនឈើ ការដាំស្តារ ការអភិរក្សព្រៃឈើជីវៈចម្រុះ និងបរិស្ថាន។មន្រ្តីបរិស្ថាន សង្កត់ធ្ងន់ថា«ក្នុងពិព័រណ៍ពន្លកបៃតងនេះ ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ជូនដល់សាធារណជន ដើម្បីយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗ[..]»

មន្រ្តីបរិស្ថានបន្ថែមថា ការផ្តល់ជូននេះ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ រួមគ្នាស្រឡាញ់បរិស្ថានធម្មជាតិតាមរយៈការដាំដើមឈើ ដែលសំដៅដល់ការបង្កើនវិសាលភាពគម្របបៃតងនៅកម្ពុជា និងឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន។មួយវិញទៀត ការរៀបចំពិព័រណ៍នេះ ក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ជាពិសេសការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលបរិស្ថាន។គួរជ្រាបថា ពិធីបើកពិព័រណ៍នេះនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន។ ចំណែកពេលបិទ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត