
រាជធានីភ្នំពេញ៖ ទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង» ដែលលោកចាត់ទុកជាព្រឹត្តិការណ៍ថ្មីជួយទាក់ទាញភ្ញៀវមកកាន់កម្ពុជាកាន់តែច្រើន…។

លោក ហួត ហាក់ មានប្រសាស៍ថា ព្រឹត្តិការណ៍«បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង» ជាព្រឹត្តិការណ៍ថ្មី និងទាក់ទាញមួយទៀតក្នុងយុទ្ធនាការ«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិមកកាន់កម្ពុជា។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់បណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ពង្រឹងទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ព្រមទាំងជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់មហាអនុតំបន់មេគង្គ។ លោកបន្ថែមថា ព្រឹត្តិការណ៍នេះ គឺជាសកម្មភាពដ៏មានសារសំខាន់ក្នុងការអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបទី៦៨ឆ្នាំនៃទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន ព្រមទាំងជាការជួយបន្ថែមសន្ទុះ ដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ជា «មាសបៃតង» ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម។ លោកបានអំពាវនាវដល់ប្រតិភូក្បួនរថយន្តទាំងអស់ សូមជាទូតសុច្ឆន្ទៈ ជួយផ្សព្វផ្សាយពីសភាពការណ៍នយោបាយ និងសង្គមពិតរបស់កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ច និងស្នាមញញឹមដ៏កក់ក្ដៅ ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ កាលានុវត្តភាពវិនិយោគដ៏ល្អ វប្បធម៌ និងទំនៀមទម្លាប់របស់កម្ពុជាដ៏សម្បូរទៅកាន់ប្រជាជន និងភ្ញៀវទេសចរអន្តរជាតិតាមគោលដៅដែលធ្វើដំណើរ។

សូមជម្រាបថា ព្រឹត្តិការណ៍«បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង»មានរយៈពេល២៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយក្បួនរថយន្តនឹងចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ឆ្លងកាត់តាមសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបន្តដំណើរទៅកាន់ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី៣០ឧសភា។ បន្ទាប់មកនៅថ្ងៃទី៣១ឧសភា ក្បួនរថយន្ត នឹងចេញដំណើរពីខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី៩មិថុនា៕





