
រាជធានីភ្នំពេញ៖ ទីតាំងប្តូរប្រាក់ឌីជីថល Crypto ខុសច្បាប់មួយកន្លែង ត្រូវបានអាជ្ញាធររកឃើញនៅក្នុងអគារ DTT RESIDENCE ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ...។

យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពខណ្ឌចំការមន និងមានការសម្របសម្រួលផ្លូវច្បាប់ពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យបន្ទប់លេខ ១២១៨ គ្រប់គ្រងដោយក្រុមហ៊ុន Chao Chi Group រកឃើញសម្ភារសង្ស័យរួមមាន Laptop ០៤គ្រឿង និងទូរសព្ទ ១០គ្រឿង។ តាមរយៈការស្រាវជ្រាវ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ទីតាំងនេះ ត្រូវបានសន្និដ្ឋានថា ជាករណីសង្ស័យប្តូររូបិយបណ្ណឌីជីថល (Crypto) ខុសច្បាប់។ បច្ចុប្បន្ន សម្ភារវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមជំនាញ។ រីឯបន្ទប់លេខ ១២១៨ ខាងលើ ត្រូវបានអាជ្ញាធរចម្រុះសម្រេចបិទឃ្លុំជាបណ្តោះអាសន្ន៕







