
រាជធានីភ្នំពេញ៖ អង្គព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់នឹងយាងនិវត្តន៍ ពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ ក្នុងពេលឆាប់ៗ។ នេះបើតាមការជូនដំណឹងរររបស់ក្រសួងព្រះបរមរាជវាំង ដល់ប្រជារាស្ត្រខ្មែរនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦…។

ក្រសួងព្រះបរមរាជវាំង បានគូសបញ្ជាក់ថា អស់រយៈពេលជាង៣ខែកន្លងមកនេះ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុតនៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខ»។

ប៉ុន្តែយ៉ាងណា យោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប៉េកាំង បានសូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទានក្រុមគ្រូពេទ្យពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពជាបន្តទៀតនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ក្រសួងព្រះបរមរាជវាំង បញ្ជាក់បន្ថែម។ ជាមួយគ្នា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសូមថ្លែងអំណរព្រះគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអរគុណដល់បងប្អូនប្រជារាស្ត្រទាំងអស់ ដែលបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គឆាប់ជាសះស្បើយពីព្រះរោគាពាធ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់នៅក្នុងភាពសុខក្សេមក្សាន្ត ជាដរាបតរៀងរហូតទៅ៕




