ស.ស.ស.ក ប្រតិកម្មខ្លាំងក្រោយអង្គភាពវិទ្យុបរទេសមួយផ្សាយអត្ថបទប្រមាថចំពោះអង្គព្រះមហាក្សត្រ
K
Kimhuoy Klaing
4 ឆ្នាំមុន

រាជធានីភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ប្រតិកម្មយ៉ាងខ្លាំងក្រោយឃើញអង្គភាពវិទ្យុបរទេសជាខេមរៈភាសាផ្សាយអត្ថបទមួយកាលពីម្សិលមិញ ក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី - ពីអតីតអ្នករាំរបាំបាឡេទៅជាស្តេចក្បត់ជាតិ?» ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា។

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស.ស.ស.ក បានបញ្ជាក់ថា ការផ្សាយបទវិចារណកថារបស់វិទ្យុ បានបំពានទាំងស្រុងលើរដ្ឋធម្មនុញ្ញដែលចែងពី«ព្រះមហាក្សត្រ មិនអាចនរណាបំពានបាន» ព្រមទាំងបានប្រាសចាកឆ្ងាយពីច្បាប់ ស្តីពីរបបសារព័ត៌មាន និងបានប្រាសចាកទាំងស្រុងចេញគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។ 

ទន្ទឹមនឹងនេះ ស.ស.ស.ក បានដាស់តឿនថា វិទ្យុបរទេសផ្សាយជាខេមរៈភាសា ក៏ដូចជាសារព័ត៌មាននានា មិនគួរណាបន្តប្រើប្រាស់សេរីភាព ដែលបម្រើមនោគមន៍វិជ្ជាអន់ទាប ផ្សាយប្រមាថ ញុះញង់ អុជអាល និងបំបែកបំបាក់សង្គមខ្លួនឯងយ៉ាងដូច្នេះទេ ដែលជាទង្វើខុសឆ្គង និងគួរតែមានភាពខ្មាសអៀន។ ហើយក៏មិនគួរបន្តប្រើប្រាស់សេរីភាពបែបឆ្កួតលេលា ព្យាយាមញែកខ្មែរឱ្យស្អប់ខ្ពើមគ្នាគ្មានទីបំផុតនោះឡើយ ហើយគួរ តែមានការរលឹកដឹងជាប្រចាំថា «ភាសាប្រមាថ គឺជាចរិតនៃជនបាតសង្គម»

ស.ស.ស.ក បានអំពាវនាវដល់សារព័ត៌មានទាំងអស់បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ពស់ ដោយតម្កល់នូវគោលការណ៍គ្រឹះនៃការផ្សាយ៤យ៉ាងដែលជាគុណតម្លៃដ៏ ពិសិដ្ឋរបស់សារព័ត៌មានគឺ៖ «ការពិត សុចរិតភាព តុល្យភាព និងភាពអាចផ្ទៀងផ្ទាត់បាន» ហើយបន្តចូលរួមបង្កបរិយាកាសឱ្យសង្គមកម្ពុជាមានការឯកភាពគ្នាខាងទស្សនៈ និងសាមគ្គីជាតិរឹងមាំ ដើម្បីកម្ពុជារួមគ្នាចាប់យកឱកាសថ្មីៗ បង្កើនសក្តានុពលកសាង ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត