
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះជំនឿថា រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជារាស្ត្រខ្មែរទូទាំងប្រទេស...។

អង្គព្រះមហាក្សត្រ មានព្រះរាជបន្ទូលក្នុងព្រះរាជពិធីប្រារព្ធបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ នាវិមានរដ្ឋសភាជាតិ ថា៖«ខ្ញុំ[..]មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្ដប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំ នៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ»។

បន្ថែមលើនេះ ព្រះមហាក្សត្រ ទ្រង់បានសម្ដែងនូវក្ដីសោមនស្សរីករាយចូលរួមអបអរសាទរ ពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ និងបានសម្ដែងនូវអំណរសាទរដ៏កក់ក្ដៅជូន ចំពោះឥស្សរជនជាសមាជិក-សមាជិកានៃរដ្ឋសភាទាំងអស់ ដែលប្រជារាស្ត្រខ្មែរបានផ្តល់នូវជំនឿ ជឿទុកចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅថ្មីៗនេះ។ ព្រះអង្គ មានព្រះរាជបន្ទូលថា ចាប់ពីពេលដែលរដ្ឋសភាជាតិបានចាប់បដិសន្ធិជាថ្មី នាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល៣០ឆ្នាំមកហើយ កម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្ដីសង្ឃឹម និងសុខក្សេមក្សាន្ត...៕






