អបអរសាទរខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
អុន សម្ផស្ស
3 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ខួបលើកទី១៩ ព្រះវស្សានៃការ យាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ២៩តុលា ២០០៤ - ២៩ តុលា ២០២៣ ...។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រា នៃព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជ្យបិតាជាតិខ្មែរ និងសម្តេចព្រះវររាជ្យមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ មានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានរដ្ឋសភា និងជាព្រះរាមម្ដាយទីទៃ ជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ បានសម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះរាជបិតា បានប្រកាសដាក់រាជ្យសម្បត្តិនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ ព្រះរាជ្យពិធីរាជាភិសេកព្រះអង្គជាផ្លូវការ ត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

ក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនោះ ព្រះអង្គ បានតាំងព្រះទ័យសច្ចាថា «ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»។ ព្រះអង្គបានតាំងសច្ចាបែបនេះចំនួន៣ដង។ នាក្នុងឱកាសនោះ ព្រះអង្គក៏បានប្រកាសប្តេជ្ញាព្រះទ័យបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅ របស់ប្រជារាស្ត្រនៅទូទាំងប្រទេស។ ជាពិសេសនៅជនបទស្រែចម្ការ។ «ខ្ញុំនឹងយកអស់សមត្ថភាពបម្រើព្រះសង្ឃគ្រប់ព្រះអង្គ បម្រើប្រជារាស្ត្រ និងបម្រើមាតុភូមិអង្គជាទីស្នេហា ដោយអំណត់ព្យាយាម និងដោយស្មោះត្រង់»

ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រខ្មែរ។ ព្រះអង្គបានចាត់ទុកបញ្ហារបស់ប្រជានុរាស្ដ្រ ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ អាស្រ័យហេតុនេះហើយ ទើបព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគថវិកាផ្ទាល់របស់ព្រះអង្គជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្ដ្រ ជាពិសេសតែងបានប្រទានថវិកាជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។

បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្ដ្រនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក្នុងពេលប្រទេសជួបវិបត្តិជំងឺកូវីដ១៩ ព្រះមហាក្សត្រខ្មែរ បានសព្វរាជព្រះហឫទ័យប្រោសប្រទាននូវព្រះរាជសម្បត្តិផ្ទាល់របស់ព្រះអង្គជាច្រើន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយការលំបាកនានា ក៏ដូចជាការទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យហ្លួងម៉ែជាដើម។ ក្រៅពីនោះព្រះអង្គក៏បានប្រោសព្រះរាជទានជាស្បៀងអាហារ និងថវិកានានា ជូនទៅប្រជាពលរដ្ឋរងគ្រោះផងដែរ។

ទន្ទឹមនឹងនោះ ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ព្រះអង្គតែងតែព្រះរាជាអនុញ្ញាត ប្រជាសវនាការជាមួយអង្គទូតអស់អាណត្តិ និងមន្ត្រីអង្គទូតថ្មី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេង ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត។ រយៈពេល ១៩ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ បានធ្វើឱ្យប្រជានុរាស្ដ្រខ្មែរមានភាពកក់ក្ដៅយ៉ាងក្រៃលែង។ ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ឯកជន ប្រជារាស្ត្រខ្មែរទូទាំងនគរ គឺសុទ្ធតែបានថ្វាយព្រះពរដល់អង្គព្រះមហាក្សត្រនាឱកាស នៃព្រះរាជ្យពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះអង្គ។ ក្រៅតែពីការថ្វាយព្រះពរថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក៏បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជសកម្មភាពចំពោះជាតិមាតុភូមិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត