ព្រះមហាក្សត្រ និងសម្តេចម៉ែបានយាងត្រឡប់មកប្រទេសកម្ពុជាវិញហើយ​ក្រោយពីត្រួតពិនិត្យព្រះរាជសុខភាពនៅចិន
SoKeng
12 មេសា 2022 05:00 PM

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងត្រឡប់មកប្រទេសកម្ពុជាវិញហើយ នៅរសៀលម៉ោង៤ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្រោយពីព្រះមហាក្សត្រ និងសម្តេចម៉ែបានយាងត្រួតពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិនអស់រយៈពេល១ខែកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយារបស់សម្តេច, សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ,សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា,​ សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងមានថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត បានអញ្ជើញថ្វាយការយាងនិវត្តរបស់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ និងសម្តេចម៉ែ ទ្រង់បានយាងទៅត្រួតពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងប្រទេសចិន តាំងពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។ ជារៀងរាល់១ឆ្នាំម្តង ព្រះមហាក្សត្រ និងសម្តេចម៉ែទ្រង់តែងតែយាងទៅត្រួតពិនិត្យព្រះរាជសុខភាពចំនួន២ដង តាមរយៈការណាត់របស់ក្រុមគ្រូពេទ្យនៅប្រទេសចិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត