កុំភ្លេចចូលរួម! ពិព័រណ៍«ពន្លកបៃតង» ក្រសួងបរិស្ថាននឹងចែកកូនឈើច្រើនប្រភេទដោយមិនគិតប្រាក់
S
Sreyleak Yith
11 កក្កដា 2025 05:30 PM

រាជធានីភ្នំពេញ៖ ពិព័រណ៍ «ពន្លកបៃតង» និងការប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ នឹងធ្វើទ្បើងនៅថ្ងៃទី៥ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះ-ឈ្នះ។ ក្នុងនោះ ក្រសួងបរិស្ថាន មានចែកកូនឈើជាច្រើនប្រភេទដោយឥតគិតថ្លៃ...។

មន្រ្តីក្រសួងបរិស្ថាន គូសបញ្ជាក់ថា ពិធីបើកប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥សីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ក្នុងកំលុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ មានការដាក់តាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួងបរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគមយុវជន ព្រមទាំងផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍។ ក្នុងព្រឹត្តិការណ៍នេះ ការចែកកូនឈើដល់សាធារណជន ជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្រឡាញ់ និងចូលរួមដាំដើមឈើ បង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

មន្រ្តីបរិស្ថានបន្ថែមថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំនេះ ក៏ជាការបង្ហាញដល់សហគមន៍អន្តរជាតិ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួម ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១០កក្កដា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានចែកកូនឈើសរុបចំនួន៧៧៧៩៦៨ដើម ក្នុងនោះកូនត្នោតចំនួន១៨៩០៦៨ដើម, កូនឈើព្រៃ៥៤១៥៤៩ដើម និងកូនឈើហូបផ្លែចំនួន ៤៧៣៦១ដើម


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត