ក្រសួងបរិស្ថានប្តេជ្ញា មិនឱ្យប្រទេសក្លាយជាគោលដៅនាំចូលសំណល់អេឡិចត្រូនិកពីបរទេស
S
Sreyleak Yith
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩មិថុនានេះ ចេញមកបញ្ជាក់ច្បាស់ៗថា នឹងមិនអនុញ្ញាតឱ្យប្រទេសក្លាយជាគោលដៅនាំចូលសំណល់អេឡិចត្រូនិកពីប្រទេសក្រៅ ក៏ដូចជាបន្តអនុវត្តច្បាប់ហាមឃាត់ការនាំចូលផងដែរ...។

ក្រសួងបរិស្ថាន គូសបញ្ជាក់ថា ប្រទេសកម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste)។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈរបស់ប្រទេស ពីការបំពុលក្នុងរយៈពេលវែង។ សំណល់អេឡិចត្រូនិកទាំងនោះ ជាឧបករណ៍ហួសសម័យ និងត្រូវបានបោះបង់ចោលដូចជា កុំព្យូទ័រ ទូរទស្សន៍ ទូរសព្ទដៃ ម៉ាស៊ីនបោះពុម្ព ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ថ្ម និងឧបករណ៍អគ្គិសនីផ្សេងៗទៀត។ ក្នុងករណីចាត់ចែងសំណល់អេឡិចត្រូនិកទាំងនេះ មិនបានត្រឹមត្រូវ អាចបញ្ចេញសារធាតុគ្រោះថ្នាក់ទៅក្នុងដី ទឹកក្រោមដី ទន្លេ និងបរិយាកាស ដែលបង្កឱ្យមានការបំពុលបរិស្ថានយូរអង្វែង និងប្រឈមនឹងហានិភ័យដល់សុខភាពមនុស្ស។ នៅពេលដែលការបំពុលកើតឡើង ការស្តារឡើងវិញមានតម្លៃខ្ពស់ ហើយក្នុងករណីខ្លះមិនអាចកែប្រែបានទេ​។

​ក្រសួងបរិស្ថានបន្ថែមថា សំណល់អេឡិចត្រូនិកដែលបង្កើតឡើងនៅក្នុងស្រុក កំពុងមានការកើនឡើង ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាកាន់តែរីកចម្រើន ដូច្នេះ បើយើងបើកឱ្យនាំចូលទៀត គឺជាការបំពុលប្រទេស។ កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិពិសេសមួយកំពុងត្រូវបានពិចារណា ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការប្រមូល គ្រប់គ្រង និងកែច្នៃសំណល់អេឡិចត្រូនិកក្នុងស្រុកឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា សំណល់អេឡិចត្រូនិកដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ចែងដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យដល់បរិស្ថានឱ្យនៅកម្រិតទាបបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត