
រដ្ឋធានីវ៉ាស៊ីនតោន៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានញ៉ូវយ៉កថាមស៍ (New York Times) នៅថ្ងៃទី១២មិថុនានេះ សហរដ្ឋអាម៉េរិក គ្រោងនឹងកាត់បន្ថយចំនួនយន្តហោះចម្បាំង នាវាចម្បាំងយ៉ាងច្រើន ដែលខ្លួនធ្លាប់បានបម្រុងទុកសម្រាប់ប្រតិបត្តិការរបស់អង្គការណាតូនៅអឺរ៉ុប...។

ការសម្រេចចិត្តនេះ ត្រូវបានគេរំពឹងថា នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់អង្គការណាតូ ក្នុងការធ្វើប្រតិបត្តិការវាយប្រហាររយៈចម្ងាយឆ្ងាយ និងការងារតាមដានស៊ើបការណ៍ក្នុងតំបន់។ តាមប្រភពពីមន្ត្រីជាន់ខ្ពស់អឺរ៉ុបពីររូប បានឱ្យដឹងថា ផែនការ «ដកជើងព្រួល» ដ៏គួរឱ្យរន្ធត់នេះ រួមមាន៖ ការកាត់បន្ថយយន្តហោះចម្បាំង F-16 និងF-15E ពីចំនួន១៥០គ្រឿង ឱ្យសល់ត្រឹមតែ១០០គ្រឿងប៉ុណ្ណោះ យន្តហោះស៊ើបការណ៍សមុទ្ទ កាត់បន្ថយពី២៦គ្រឿង មកនៅត្រឹម១៥គ្រឿង ព្រមទាំងដកហូតទាំងស្រុងនូវយន្តហោះចាក់ប្រេងលើអាកាសទាំង៨គ្រឿង និងការរុះរើដែនម៉ារីន ដោយដកនាវាមុជទឹកបាញ់មីស៊ីល រួមទាំងនាវាផ្ទុកយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនទៀត។

ការផ្លាស់ប្ដូរនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានបន្ទោសចំៗ ថា សហភាពអឺរ៉ុបចូលចិត្តដេកស៊ីកេរ្តិ៍អាម៉េរិក មិនបានវិនិយោគលើវិស័យយោធារបស់ខ្លួនឱ្យបានគ្រប់គ្រាន់ និងពឹងផ្អែកខ្លាំងពេកលើការការពារពីសហរដ្ឋអាម៉េរិក។ លោក ត្រាំ តែងតែជំរុញឱ្យសម្ព័ន្ធមិត្តទាំងនៅសហភាពអឺរ៉ុប និងអាស៊ី បង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់កម្រិត៣,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ខាងអង្គការណាតូ និងក្រសួងសង្គ្រាមអាម៉េរិក នៅមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយ ជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ៕



