ម្ចាស់ហាង «កាកាសាឡន ក្រុងប៉ោយប៉ែត» ត្រូវអា​វុធហត្ថចាប់ខ្លួន ក្រោយចា​ប់បង្ខាំង និងធ្វើទារុណកម្មលើស្ត្រីជាអ្នកបម្រើការងារក្នុងផ្ទះ
ហាក់ អ៊ីឌី
9 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ ស្ត្រីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពចា​ប់បង្ខាំង និងធ្វើទារុណកម្មលើស្ត្រីវ័យចំណាស់ម្នាក់ជាបម្រើការងារក្នុងផ្ទះ ដែលមានយីហោថា កាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។

យោងតាមរបាយការណ៍ពីមន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា កាលពីពេលកន្លងទៅ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ អ៊ុត ខុន អាយុ៥៩ឆ្នាំ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តិទៅនៅហាងយីហោ កាកាសាឡន មានម្ចាស់ជាខ្មែរតែមានសង្សាជាជនជាតិចិន ធ្លាប់ប្រព្រឹត្តិបទល្មើសអនឡាញស្កេម។ ក្រោយទទួលបានបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនសង្ស័យឈ្មោះ គុំ លីកា ហៅក្រៅ កាកា រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោមួយដើមផងដែរ។ 

យ៉ាងណា បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកំណត់ហេតុរួច ជនសង្ស័យបានសារភាពថា ដំបូងឡើយ បុរសជនជាតិចិនដែលជាសង្សារបស់ជនសង្ស័យ បានយកទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើនឹងជនសង្ស័យ។ ពេលនោះ ជនរងគ្រោះ កំពុងធ្វើការងារអនាម័យ ស្រាប់តែឃើញទូរសព្ទចំនួន០៣គ្រឿងធ្លាក់ចេញមកក្រៅ ហើយជនរងគ្រោះក៏បានយកទូរសព្ទនោះទៅលក់ឱ្យអ្នកទិញទូរសព្ទខូចៗតាមផ្លូវ បានប្រាក់ចំនួនម្ភៃម៉ឺនរៀល។ ក្រោយដឹងថា ​ជនរងគ្រោះលួចទូរសព្ទយកទៅលក់ ជនសង្ស័យក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោមកគំរាមកាត់ម្រាមដៃជើងរបស់ជនរងគ្រោះផងដែរ និងថែមទាំងគំរាមមិនឱ្យចេញក្រៅផ្ទះទៀតផង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត