
ខេត្តកណ្ដាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ«សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ស្ថិតក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល…។

ក្នុងឱកាសសម្ពោធបើកឱ្យចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» ដែលត្រូវបានសាងសង់ឡើងដំបូងក្នុងសម័យឧដ្ដុង្គ មានមន្រ្តីជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធជាច្រើនចូលរួម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍អំពាវនាវឱ្យជនរួមជាតិខ្មែរ រួមគ្នាថែរក្សាកេរដំណែលប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរឱ្យបានគង់វង្ស។ ស្ត្រីទី១នៃកម្ពុជា សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«យើងត្រូវរួមគ្នាថែរក្សាកេរដំណែលប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរយើងឱ្យបានស្ថិតស្ថេរ គង់វង្ស ព្រោះនេះជាអត្តសញ្ញាណយើង ជាដួងព្រលឹងជាតិយើង ហើយក៏ជាថ្នាលសម្រាប់យើងទាំងអស់គ្នាសិក្សា ស្រាវជ្រាវ និងស្វែងយល់ទៀតផង»។

«សារមន្ទីរព្រះវិហារអដ្ឋរស្ស» ត្រូវបានសាងសង់ឡើងដំបូងនៅស.វទី១៧ ក្នុងសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់ នាស.វទី១១ សម័យអង្គរ ក្នុងរចនាបថឃ្លាំង។ ព្រះវិហារដ៏ធំស្កឹមស្កៃនេះ មានបណ្តោយប្រវែងជាង៣៩ម៉ែត្រ ទទឹង២២ម៉ែត្រ និងកម្ពស់ជាង២៣ម៉ែត្រ។ នៅខាងក្នុងព្រះវិហារ មានតម្កល់ព្រះពុទ្ធរូបមួយអង្គធំកម្ពស់១៨ហត្ថ (១៦,៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា «អដ្ឋរស្ស» ទើបព្រះវិហារត្រូវបានហៅថា «ព្រះវិហារអដ្ឋរស្ស»។ តាមរយៈផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដោយសារសង្គ្រាមជាច្រើនទសវត្សរ៍ «ព្រះវិហារអដ្ឋរស្ស» បានរងការខូចខាត ហើយក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រគល់គម្រោងជួសជុលកែលម្អស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុងនាពេលនេះ។

ការយកចិត្តទុកដាក់ក្នុងការជួសជុល «ព្រះវិហារអដ្ឋរស្ស» ជាបន្តបន្ទាប់ ជាចំណែកចូលរួមថែរក្សា ការពារ ក៏ដូចជាផ្សព្វផ្សាយមរតកវប្បធម៌ និងអរិយធម៌ ដោយប្រែក្លាយព្រះវិហារទៅជាសារមន្ទីរដែលមានតាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ, ទេពប្រណម្យ, និងវត្ថុសាសនាផ្សេងៗមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ៕







