លើទឹកដីហ្វីលីពីន មេដឹកនាំកម្ពុជា-ថៃ ប្រកាសស្តារទំនុកចិត្តជាមួយគ្នាឡើងវិញ
ហៀប ស៊ីថេត
08 ឧសភា 2026 11:25 AM

ទីក្រុងសេប៊ូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) បានព្រមព្រៀងគ្នាដេញតាមចាប់សន្តិភាព និងកសាងទំនុកចិត្តទៅវិញទៅមកឡើងវិញ បន្ទាប់ពីកិច្ចពិភាក្សាត្រីភាគី ដែលរៀបចំដោយលោក ហ្វើឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភា។ ជំនួបជាប្រវត្តិសាស្រ្តនេះ កើតឡើងស្របពេលមានភាពតានតឹងជុំវិញជម្លោះព្រំដែនគោក និងដែនសមុទ្ទកម្ពុជា ហើយស្របពេលថៃ ទើបនឹងដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MoU ៤៤។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត(ឆ្វេង), លោក ហ្វើឌីណាន់ ម៉ាកូស ជេអរ (កណ្តាល) និងលោក អនុទីន ឆានវីរគុល
សម្តេចធិបតី ហ៊ុន ម៉ាណែត(ឆ្វេង), លោក ហ្វើឌីណាន់ ម៉ាកូស ជេអរ (កណ្តាល) និងលោក អនុទីន ឆានវីរគុល

មុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ប្រទេសហ្វីលីពីន ក្នុងតួនាទីជាប្រធានអាស៊ាន បានផ្ដួចផ្ដើមកិច្ចពិភាក្សាអំពីស្ថានភាពរវាងថៃ និងកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស ចំពោះកិច្ចប្រជុំនេះ និងបានកោតសរសើរចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងការលើកកម្ពស់សន្តិភាព និងសាមគ្គីភាពក្នុងតំបន់។ សម្តេចមានប្រសាសន៍ថា៖«កិច្ចពិភាក្សារបស់យើងបានផ្តោតលើការកាត់បន្ថយភាពតានតឹង និងវិធានការកសាងទំនុកចិត្ត ដើម្បីស្តារ និងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែង និងធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ»។ កម្ពុជា និងថៃបានព្រមព្រៀងគ្នាឱ្យដំណើរការឡើងវិញនូវយន្តការទ្វេភាគីដែលមានស្រាប់ រួមមាន៖ គណៈកម្មការចម្រុះព្រំដែន(JBC), គណៈកម្មាធិការព្រំដែនទូទៅ(GBC), និងគណៈកម្មាធិការព្រំដែនថ្នាក់តំបន់(RBC)។ លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានស្វាគមន៍ចំពោះប្រទេសហ្វីលីពីន ដែលបានទទួលតំណែងជាប្រធានចូលមកដឹកនាំក្រុមនេះបន្តពីប្រទេសម៉ាឡេស៊ី។

សម្តេចធិបតី ថ្លែងបែបនេះថា៖«កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការដែលបានព្រមព្រៀងគ្នាទាំងអស់»។ សម្តេចក៏បានអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់នូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ដែលបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់ JBC ហើយព្រំដែនមិនអាចផ្លាស់ប្ដូរ ឬកំណត់ដោយកម្លាំងបាយបានឡើយ។ ពាក់ព័ន្ធនឹងការដកខ្លួនរបស់ថៃចេញពី MoU ៤៤ ជាឯកតោភាគី សម្តេចបានលើកឡើងពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការចាប់ផ្តើមនីតិវិធីសម្រុះសម្រួលជាកំហិត ឬវិធានការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ (UNCLOS)។ «កម្ពុជាជឿជាក់ថា នេះគឺជាផ្លូវសន្តិភាពឆ្ពោះទៅរកដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ភាគីទាំង២» នេះជាប្រសាសន៍របស់មេដឹកនាំកម្ពុជា។

ចំណែកមេដឹកនាំថៃ លោក អនុទីន បាននិយាយថា កិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានលក្ខណៈស្ថាបនា មើលទៅមុខវែងឆ្ងាយ និងដោយស្មោះត្រង់។ លោកបន្តថា ភាគីទាំង២ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការសន្ទនា និងសន្តិភាព។ គេបានឃើញច្បាស់រួចទៅហើយ ថៃរំលោភបំពានកម្ពុជា ហើយមកដល់ពេលនេះ តំបន់មួយចំនួនដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ត្រូវបានយោធាថៃកាន់កាប់ទាំងខុសច្បាប់ តែនៅមុខអន្តរជាតិ លោក អនុទីន បែរជាសម្តែងធ្វើជាតួអង្គស្លូតបូត និងប្រើពាក្យបំភាន់ភ្នែកគេឯងថា ជម្លោះមានតែនាំមកនូវការបាត់បង់ និងការឈឺចាប់ដល់គ្រប់ភាគីតែប៉ុណ្ណោះ។ នាយករដ្ឋមន្រ្តីថៃរូបនេះ បញ្ចេញវោហារយ៉ាងពីរោះខុសពីទង្វើ យ៉ាងដូច្នេះថា៖«ដល់ពេលហើយសម្រាប់ប្រទេសទាំង២ក្នុងការសម្លឹងទៅមុខ និងបើកទំព័រថ្មីក្នុងទំនាក់ទំនង។ ការកសាងទំនាក់ទំនងឡើងវិញ ទាមទារឱ្យមានភាពស្មោះត្រង់ សុចរិតភាព និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីជម្នះបញ្ហាប្រឈមជាមួយគ្នា»។

ទោះបីជាជំនួបនៅទីក្រុងសេប៊ូបានបញ្ចប់ទៅដោយការសន្យាផ្អែមល្ហែមយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនត្រូវភ្លេចឡើយនូវមេរៀនប្រវត្តិសាស្ត្រថ្មីៗនេះ ដែលថៃទើបនឹងបានធ្វើដាក់កម្ពុជាដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត